ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីហ្វីលីពីន អះអាងថា លោក នឹងឈរឈ្មោះធ្វើជាអនុប្រធានាធិបតី វិញ សម្រាប់ការបោះឆ្នោតឆ្នាំ២០២២

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ថា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte)ប្រធានាធិបតីហ្វីលីពីន បានថ្លែងឲ្យដឹងកាលពីល្ងាចថ្ងៃអង្គារថា លោកនឹងឈរឈ្មោះជាអនុប្រធានាធិបតី នៅក្នុងការបោះឆ្នោតនៅខែឧសភា ឆ្នាំ២០២២ នៅពេលដែលអាណត្តិទី៦របស់លោកត្រូវបានបញ្ចប់ ។


លោក Duterte វ័យ៧៦ឆ្នាំបានប្រកាសពីផែនការនយោបាយរបស់លោកនៅក្នុងសុន្ទរកថាជាសាធារណៈដែលត្រូវបានថតទុកតាមកញ្ចក់ទូរទស្សន៍ ។


លោក Duterte បានថ្លែងថា “ខ្ញុំកំពុងឈរឈ្មោះជាអនុប្រធានាធិបតី (នៅក្នុងការបោះឆ្នោតឆ្នាំ២០២២) ដោយលោកបានឲ្យដឹងទៀតថា លោកចង់បន្តបូជនីយកិច្ចប្រឆាំងការបះបោរ ឧក្រិដ្ឋកម្ម និងគ្រឿងញៀនខុសច្បាប់ “។

ការបញ្ជាក់របស់លោក Duterte បានធ្វើឡើងនៅប៉ុន្មានម៉ោង បន្ទាប់ពីលេខាគណៈរដ្ឋមន្ត្រី គឺលោក Karlo Nograles ដែលជាអនុប្រធានប្រតិបត្តិនៃគណបក្ស PDP-Laban បានប្រកាសថា លោក Duterte បានយល់ព្រមទទួលយកការគាំទ្ររបស់គណបក្សនេះដើម្បីឈរឈ្មោះជាអនុប្រធានាធិបតីនៅឆ្នាំក្រោយ ។

លោក Nograles បានលើកឡើងថា លោក Duterte ដែលជាប្រធានគណបក្ស PDP-Laban បានទទួលយកការយល់ព្រមក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោកកាលពីយប់ថ្ងៃច័ន្ទជាមួយមន្រ្តីគណបក្សនៅវិមានប្រធានាធិបតី ។

គេបានដឹងថា លោក Duterte បានជាប់ឆ្នោតជាប្រធានាធិបតីក្នុងការបោះឆ្នោតខែឧសភាឆ្នាំ២០១៦ ។ រដ្ឋធម្មនុញ្ញបានកំណត់ប្រធានាធិបតីហ្វីលីពីនឱ្យមានអាណត្តិ៦ឆ្នាំតែប៉ុណ្ណោះ ។

អនុប្រធានាធិបតីត្រូវបានជ្រើសរើសដាច់ដោយឡែកពីប្រធានាធិបតីក្រោមច្បាប់ហ្វីលីពីន ។ អនុប្រធានាធិបតីអាចត្រូវបានជំរុញឱ្យធ្វើជាប្រធានាធិបតី ប្រសិនបើប្រធានាធិបតីស្លាប់ឬអសមត្ថភាព ។

លោក Nograles បានលើកឡើងថា គណបក្សនេះនឹងពិភាក្សាអំពីការគាំទ្ររបស់លោក Duterte ក្នុងអំឡុងពេលមហាសន្និបាតជាតិរបស់ពួកគេនៅខែក្រោយនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top