ភ្នំពេញ៖ លោក សយ សុភាព សហប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា ចិន បានលើកឡើងថា ទំរាំខ្មែរបានដូចសព្វថ្ងៃនេះ ខ្មែរបានបាត់បង់ទឹកដី ព្រាត់ប្រាស់ជាតិសាសន៍ អស់ច្រើនលាននាក់ ដោយ បែងចែក ជា ៣ចម្រៀក( ខ្មែរលើ ខ្មែរកណ្តាល និង ខ្មែរក្រោម) ដោយឡែកខ្មែរកណ្តាល គេមិនឱ្យសុខទៀតដោយសារមហាអំណាច ចែកពិភពលោកគ្នាគ្រប់គ្រង ហើយ អ្នកខ្លះឆ្លៀតកេងពីមហាអំណាច មកចង់ផ្តាច់ផ្តិលយើង។
តាមរយៈគេហទំព័រហ្វេសប៊ុក លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលបានសង្កត់ធ្ងន់ថា “ឥឡូវនេះអ្នកធ្វើអីធ្វើទៅ កុំតែមករំខាន ច្រណែន ឈ្នានីសខ្មែរទៅបានហើយ។ សហរដ្ឋអាមេរិក អ្នកឯងមិនបានសងគុណខ្មែរ ចំពោះទង្វើរបស់អ្នកឯងទំលាក់គ្រាប់បែក គ្រាប់បែកគីមីលើខ្មែរទេ តែអ្នកឯងកុំមកកកូកកាយខ្មែរទៀត។ ពួកក្រុមអង្កការសង្គមស៊ីវិល ក្នុងស្រុកក្រៅស្រុកដែល អ្នកឯងជួលឱ្យលុយស្រែកជេរខ្មែរ រាល់ថ្ងៃចោទខ្មែរថា លំអៀងទៅរកចិន។ល។ អ្នកឯងដៀលយើង រាល់ថ្ងៃពេកហើយ”។
សូមរំលឹកថា អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បានជួបជាមួយថ្នាក់ដឹកនាំ ជាន់ខ្ពស់វៀតណាមនានា នៅក្នុងអំឡុងដំណើរ ទស្សនកិច្ចតំបន់អាស៊ី ហើយលោកស្រីបានផ្តល់ការគំាទ្រ ដល់ប្រទេសវៀតណាមក្នុងបំណង ទប់ទល់នឹងវត្តមានកើនឡើង របស់ចិន នៅដែនសមុទ្រចិនខាងត្បូង ៕