ព័ត៌មានជាតិ

លោក សុខ ឥសាន ៖ បើផ្លែតាង៉ែន សម្តេចតេជោ ពុលមែនគឺពុលរាប់ម៉ឺននាក់ហើយ មិនមែនពុល៤០ នាក់ទេ

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា បើផ្លែតាង៉ែន របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋហូបទៅហើយពុលនោះ មិនមែនពុលត្រឹម៤០នាក់ទេ គឺពុលរាប់ម៉ឺននាក់ទៅហើយ ។

តាមរយៈបណ្តាញតេឡេក្រាម នាថ្ងៃ២៧ សីហា លោក សុខ ឥសាន ថ្លែងថា “បើពុលមែននោះ គឺពុល រាប់ម៉ឺននាក់ហើយ ។ តែមនុស្សរាប់ម៉ឺនសែននាក់ អត់ឃើញពុលផង ក្រែងពុលសិប្បនិម្មិតទេដឹង” ។

លោកបន្តទៀត ម្ហូបពុល និងផ្លែឈើពុល មិនអាចហូបយូរថ្ងៃហើយ ទើបពុលនោះទេ គឺហូបហើយនឹងពុលភ្លាមក្នុងរយៈពេលខ្លី ដូចនេះ អ្នកលើកឡើងថា ពុលនោះ គឺមានបំណងមិនល្អចង់បំពុលសង្គម ។

ការលើកឡើងរបស់លោក សុខ ឥសាននេះ ក្រោយពីវិទ្យុអាស៊ីសេរីផ្សាយថា ពលករខ្មែរត្រឡប់មកពីធ្វើការនៅប្រទេសថៃប្រមាណ៤០នាក់ ក្នុងចំណោមជាង៣០០នាក់ដែលកំពុងធ្វើចត្តាឡីស័ក នៅអនុវិទ្យាល័យទឹកជោរតាប៉ុន ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានធ្លាក់ខ្លួនឈឺ និងក្អួតចង្អោរ ដោយអ្នកខ្លះត្រូវសង្គ្រោះបន្ទាន់ ក្រោយហូបតាង៉ែន ដែលជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា” ។

សម្តេចតេជោ កាលពីថ្ងៃ១៧ សីហា បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន ឬតាង៉ែន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកសិករកំពុងជួបបញ្ហាប្រឈម ក្នុងការនាំចេញ ទៅលក់នៅក្រៅប្រទេស ។ ក្រោយការបញ្ជាលោក ហ៊ីង ប៊ុនហៀង បានចុះទៅទិញដល់ចំការតែម្តងរាប់ម៉ឺនតោន ដើម្បីយកមកចែកជូនឲ្យមន្រ្តីនៅតាមស្ថាប័នរដ្ឋ កងទ័ពតាមព្រំដែន និងអ្នកធ្វើចត្តាឡីស័កហូប ៕

To Top