ព័ត៌មានជាតិ

កងរាជអាវុធហត្ថ ច្រានចោលមតិរិះគន់ ក្រោយដាក់ទណ្ឌកម្ម នាយទាហាន ៥រូប នៅបាត់ដំបង

ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ លើផ្ទៃប្រទេសបានច្រានចោល ចំពោះមតិរិះគន់ បន្ទាប់ពីមានការដាក់ទណ្ឌកម្ម លើនាយទាហាន៥រូប នៅខេត្តបាត់ដំបង។

យោងតាមសេចក្តីប្រកាស របស់ព័ត៌មានរបស់លោក អេង ហ៊ី នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការបញ្ចេញមតិជាច្រើន នៅលើបណ្តាញសារព័ត៌មាននានា ពាក់ព័ន្ធនឹងកិត្តិយស កេរ្តិ៍ឈ្មោះរបស់នាយទាហាន នៃកងរាជអាវុធហត្ថ ក្រោយពីការប្រារព្ធពិធី ផ្សព្វផ្សាយនូវសេចក្តីសម្រេច ស្តីពីការអនុវត្តទណ្ឌកម្មផ្នែកវិន័យ ចំពោះនាយទាហាននៃកងរាជអាវុធហត្ថ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ទីកន្លែងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង ។

ក្រោយឃើញបែបនេះ លោកបានបញ្ជាក់ថា “ខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាបជូនអ្នកសារព័ត៌មាន និងសាធារណជន មេត្តាជ្រាបថា កងរាជអាវុធហត្ថក្រោមការដឹកនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ និងតម្កល់ច្បាប់ជាធំក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន” ។

លោកបានបកស្រាយថា ជាក់ស្តែងកន្លងទៅ មានបាតុភាពមិនប្រក្រតី ក្នុងការអនុវត្តតួនាទី ភារកិច្ចនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង ទើបក្រុមការងារអធិការកិច្ចបានចុះ ទៅធ្វើការស្រាវជ្រាវរកឲ្យឃើញការពិត ដើម្បីប្រជុំជួរបញ្ជាការសម្រេចជាឯកច្ឆន្ទ ទើបចេញនូវសេចក្តីសម្រេចរបស់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

កាលពីថ្ងៃទី៦ ធ្នូ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីសម្រេច ដាក់ទណ្ឌកម្មផ្នែកវិន័យនេះ ទៅលើនាយទាហានចំនួន៥រូប តាមកម្រិតនៃកំហុសឆ្គងរបស់ខ្លួន ដើម្បីឲ្យធ្វើការកែប្រែកំហុសឆ្គង ដែលបានប្រព្រឹត្តនាពេលកន្លងទៅ ក្នុងនោះរួមមាន ៖ ១-ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង , ២-វរសេនីយ៍ឯក សាម ប៊ុនធឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបាត់ដំបង , ៣-អនុសេនីយ៍ឯក ជួប ណូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំឡូត , ៤-អនុសេនីយ៍ឯក ឈឿន សុផាត មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំឡូត និង៥-នាយចំណង់ ណុប សំអឿន ជំនួយការកងរាជអាវុធហត្ថស្រុកសំឡូត ។

ដូច្នេះលោកបញ្ជាក់ថា “រាល់ការបញ្ចេញមតិ គឺជាសិទ្ធិសេរីភាព ប៉ុន្តែត្រូវគោរពនូវក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន ។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាព កិត្តិយល កេរ្តិ៍ឈ្មោះរបស់អ្នកដទៃឡើយ ត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់។ រីឯបុគ្គលដែលបញ្ចេញមតិមូលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះ លាបពណ៌ ញុះញង់ ក្នុងន័យបំបែកបំបាក់ ផ្ទៃក្នុងកងរាជអាវុធហត្ថ យើងខ្ញុំមិនអាចទទួលយកបានទេ។ យើងខ្ញុំរីករាយ និងស្វាគមន៍ទទួលយករាល់ការរិះគន់ មតិដើម្បីស្ថាបនា” ៕

To Top