ព័ត៌មានជាតិ

អ្នកគ្រូពេទ្យព្យាបាល ជំងឺកូវីដ-១៩ម្នាក់ បានស្លាប់ ដោយសារជំងឺកូវីដ

ភ្នំពេញ ៖ អ្នកគ្រូពេទ្យព្យាបាល អ្នកជំងឺកូវីដ-១៩ម្នាក់ ឈ្មោះ អ៊ឹម ស្រីនិ អាយុ២៨ឆ្នាំ បម្រើការងារ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នា ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានទទួលមរណៈភាព ដោយសារជំងឺកូវីដ-១៩ ។

យោងតាមលិខិតរំលែកមរណទុក្ខរបស់ក្រសួង សុខាភិបាល ជូនចំពោះ ក្រុមគ្រួសារសព កញ្ញា អ៊ឹម ស្រីនិ នាថ្ងៃទី៣០ សីហា នេះ លោក ម៉ម ប៊ុនហេង ជារដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃក្រសួងសុខាភិបាលទាំងអស់ មានក្តីក្តុកក្ដួលរន្ធត់ចិត្ត ដោយបានទទួលដំណឹងថា កញ្ញា អ៊ឹម ស្រីនិ មន្ត្រីសុខាភិបាល បម្រើការងារនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ បានទទួលមរណភាព នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០៖០០នាទីយប់ ក្នុងជន្មាយុ២៨ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

មរណភាពរបស់ កញ្ញា អ៊ឹម ស្រីនិ គឺជាការបាត់បង់ នូវបុគ្គលិកសុខាភិបាលមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការរួមចំណែកថែទាំអ្នកជំងឺកូវីដ-១៩។

សូមរំលឹកថា អ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ បានឆ្លងជំងឺកូវីដ-១៩ និងព្យាបាលនៅខេត្តព្រះសីហនុ ដោយសារស្ថានភាពជំងឺធ្វើទុក្ខខ្លាំង ក៏ត្រូវបញ្ជូនមកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ ព្រីមៀម សែនសុខ បានតែរយៈពេល២ថ្ងៃ ក៏ទទួលមរណភាព ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរ មិនអាចជួយសង្គ្រោះបាន ៕

To Top