បរទេស៖ នាយករដ្ឋមន្ត្រីនៃ ប្រទេសម៉ាឡេស៊ីលោក Ismail Sabri Yaakob ត្រូវបានគេដឹងថា កំពុងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក រួចរាល់ហើយក្រោយពេល ដែលរូបលោកបានជួបទំនាក់ទំនង ដោយផ្ទាល់ជាមួយនឹងអ្នកជំងឺកូវីដម្នាក់ ។
សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយរដ្ឋាភិបាលម៉ាឡេស៊ី បានបញ្ជាក់ទៀតថាលោក Ismail Sabri គឺមិនអាចចូលរួមក្នុងពិធីធ្វើសច្ចា ប្រណិធានចូលកាន់តំណែង ទៅកាន់គណៈរដ្ឋមន្ត្រី របស់គាត់ឡើយដែលគ្រោង នឹងធ្វើឡើងនៅថ្ងៃចន្ទនេះ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី ប្រភពដដែលបានបន្តទៀតថា លោកនឹងចូលរួមក្នុងកម្មវិធីបុណ្យជាតិ ដែលគ្រោងធ្វើនៅថ្ងៃអង្គារស្អែកនេះ វិញតាមរយៈការធ្វើវិដេអូខល។
គួរឲ្យដឹងដែរថា ម៉ាឡេស៊ីត្រឹមថ្ងៃចន្ទនេះប៉ុណ្ណោះ គឺបានរាយការណ៍ករណីកូវីដ ប្រមាណរហូតទៅដល់ ១៩ ២៦៨នាក់ ដែលវាបាននាំឲ្យករណី សរុបមានទៅដល់ ១ ៧២៥ ៣៥៧នាក់ ហើយចំនួនអ្នកស្លាប់ ២៩៥នាក់ក្នុងថ្ងៃចន្ទនេះ ក៏បានធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១៦ ៣៨២នាក់ ៕
ប្រែសម្រួល៖ ស៊ុន លី