កាប៊ុល៖ អ្នកនាំពាក្យក្រុមតាលីបង់ បានឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា ក្រុមតាលីបង់ បានស្វាគមន៍ការដកទ័ពអាមេរិកចេញពី អាហ្វហ្គានីស្ថានភ្លាមៗបន្ទាប់ពីបញ្ជាការកណ្តាលអាមេរិក បានប្រកាសថាការដកកងទ័ពអាមេរិក ចេញពីប្រទេសអាស៊ីមួយនេះ បានបញ្ចប់ហើយ។
អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម twitter ថាទាហានអាមេរិកចុងក្រោយត្រូវបានជម្លៀសចេញពីអាកាសយានដ្ឋានក្រុងកាប៊ុល នៅពាក់កណ្តាលយប់ថ្ងៃច័ន្ទ។
លោកបានលើកឡើងថា“ តាមវិធីនេះប្រទេសរបស់យើង បានក្លាយជាប្រទេស ដែលមានសេរីភាព និងឯករាជ្យទាំងស្រុង” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ជើងហោះហើរជម្លៀសចុងក្រោយត្រូវបានធ្វើឡើងនៅម៉ោងចុងក្រោយនៃយប់ថ្ងៃច័ន្ទទី ៣០ ខែសីហាដោយដឹកយន្តហោះយោធា និងបុគ្គលិក មិនមែនយោធាចុងក្រោយរបស់អាមេរិក ត្រលប់មកមាតុប្រទេសវិញ មួយថ្ងៃមុនថ្ងៃផុតកំណត់ថ្ងៃទី ៣១ ខែសីហា ដែលកំណត់ដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន។
ភ្លាមៗបន្ទាប់ពីការអត្ថាធិប្បាយរបស់លោក Mujahid នៅលើបណ្តាញសង្គមប្រហែលម៉ោង ១ រំលងអធ្រាត្រចូលថ្ងៃអង្គារម៉ោងក្នុងតំបន់សមាជិកក្រុមតាលីបង់ បានចាប់ផ្តើមប្រារព្ធពិធីបាញ់កាំភ្លើងនៅក្នុងរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាន ដែលមានរយៈពេលប្រហែលមួយម៉ោង ដែលបង្កឱ្យមានការភិតភ័យយ៉ាងខ្លាំងនៅទីក្រុងកាប៊ុល។
បន្ទាប់ពីការបាញ់កាំភ្លើងលោក Mujahid បានឲ្យដឹងនៅក្នុងបណ្តាញធ្វីតធ័រដាច់ដោយឡែកមួយថា“ ការផ្ទុះអាវុធដែលបានលឺនៅទីក្រុងកាប៊ុលគឺជាលទ្ធផលនៃការបាញ់កាំជ្រួចអបអរសាទរប្រជាជនទីក្រុងកាប៊ុល មិនគួរព្រួយបារម្ភឡើយយើងកំពុងព្យាយាមគ្រប់គ្រងវា”៕