បរទេស៖ ប្រភពមួយបានប្រាប់សារព័ត៌មាន Sputnik ថា ស្ត្រីៗបានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៅទីក្រុង Herat ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន ដើម្បីតវ៉ាពីការមិនរាប់បញ្ចូលពីជីវិតនយោបាយរបស់ប្រទេសក្រោមការដឹកនាំរបស់តាលីបង់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា សកម្មជនជាស្រី និស្សិត និងបុគ្គលិករដ្ឋាភិបាល បានទាមទារថា សិទ្ធិរបស់ពួកគេត្រូវបានធានា។ ពួកគេបានព្រមានថា គ្មានរដ្ឋាភិបាលណាមួយ នឹងមានស្ថិរភាពទេ បើគ្មានវត្តមានស្ត្រីនោះ។
អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានប្រាប់កាសែតអ៊ីតាលី La Repubblica ថា នឹងមិនមានរដ្ឋមន្រ្តីជាស្ត្រីនៅក្នុងរដ្ឋាភិបាលរួបរួមថ្មី ដែលលោកបាននិយាយថា របបនេះជិតឈានដល់ការបង្កើតហើយ។ យ៉ាងណាក៏ដោយ លោកក៏មិនបដិសេធថា ស្ត្រីនឹងត្រូវបានអនុញ្ញាតឱ្យកាន់តួនាទីបន្ទាប់បន្សំនៅក្នុងរដ្ឋបាលប៉ូលីស និងតុលាការ។
កាលពីដើមខែសីហា ក្រុមបាតុករជាស្ត្រីបានដើរឆ្លងកាត់ទីក្រុង ដោយមិនមានការប្រឆាំង ដោយគ្មាននរណាម្នាក់ព្យាយាមបញ្ឈប់ពួកគេឡើយ ដោយពួកគេបានស្រែកទាមទារ ទាំងការគោរពសិទ្ធិនយោបាយ ស៊ីវិល និងសិទ្ធិស្ត្រី៕
ប្រែសម្រួលៈ ណៃ តុលា