ព័ត៌មានអន្តរជាតិ

ស្លាប់ ៥៨នាក់ នៅក្នុងពេលវាយប្រហារ ទ្រង់ទ្រាយធំ របស់កងជីវពល ហួធី នៅយេមែន

អាដែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ថា កងជីវពលហួធី បានបើកការវាយប្រហារ ទ្រង់ទ្រាយធំប្រឆាំងនឹង កងកម្លាំងរដ្ឋាភិបាលយេមែន ដែលឈរជើងនៅក្នុងខេត្ត ម៉ារីប (Marib) ដែលជាកន្លែងសំបូរ ប្រេងរបស់ប្រទេសនេះ នៅថ្ងៃព្រហស្បតិ៍នេះ ។ នេះបើតាមមន្ត្រីយោធាម្នាក់ បានប្រាប់ស៊ិនហួ ។

ប្រភពពីយោធាក្នុងស្រុក បានឲ្យដឹងក្នុងលក្ខខណ្ឌអនាមិកថា “តំបន់ និងមុខតំណែងជាច្រើន ដែលគ្រប់គ្រងដោយកងកម្លាំង រដ្ឋាភិបាលត្រូវបានវាយប្រហារ យ៉ាងខ្លាំងដោយពួកហួធី ដែលកំពុងពង្រីកប្រតិបត្តិការ យោធារបស់ពួកគេក្នុង គោលបំណងចាប់យក Marib” ។

ប្រភពបានឲ្យដឹងថា ការប្រយុទ្ធគ្នាយ៉ាងសាហាវ នៅតែកើតមានឡើងរវាង ភាគីសង្គ្រាមទាំង២ នៅតំបន់ផ្សេងៗគ្នានៃទីក្រុង Marib ចំពេលមានការវាយប្រហារ តាមអាកាសកាន់តែខ្លាំង។

ក្នុងរយៈពេល ៤៨ម៉ោងកន្លងមកនេះ សមាជិកជិត ៤០នាក់នៃក្រុមហួធី និងទាហានប្រមាណ ១៨នាក់ នៃកងកម្លាំងរដ្ឋាភិបាលយេមែន ដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត ត្រូវបានសម្លាប់ ។

លោកបានបញ្ជាក់ថា អ្នកប្រយុទ្ធហួធី ជាច្រើននាក់បានរងរបួស ដោយសារយន្តហោះចម្បាំង របស់ក្រុមចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត បានបន្តវាយប្រហារ ទីតាំងរបស់ពួកគេនៅ Marib ។

មន្រ្តីម្នាក់ទៀតនៃកងកម្លាំង រដ្ឋាភិបាលបានប្រាប់ស៊ិនហួថា “ការវាយប្រហារតាមអាកាស ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត ភាគច្រើនបានចូលរួមក្នុងការ លុបបំបាត់ការវាយលុក របស់ក្រុមហូធីប្រឆាំងនឹង Marib” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top