បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់ គ្រោះមហន្តរាយធម្មជាតិ ឬក៏ការផ្ទុះឆ្លងនៃជម្ងឺកូវី១៩ មិនឲ្យបំផ្លិចបំផ្លាញសេដ្ឋកិច្ច ក្នុងខណៈលោកចូលរួមកិច្ចប្រជុំមួយ របស់ការិយាល័យនយោបាយបក្ស។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន កណ្ដាលកូរ៉េខាងជើង KCNA នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ផែនការសេដ្ឋកិច្ចបាន គ្រប់ដណ្ដប់លើរបៀបវារៈ នៅក្នុងកិច្ចប្រជុំថ្ងៃព្រហស្បតិ៍នោះ ក្នុងទីក្រុងព្យុងយ៉ាង។
កាសែតដដែលនេះ បាននិយាយប្រាប់ថា លោក គីម ជុងអ៊ុន បានគូសបង្ហាញពីតម្រូវការចាំបាច់ ត្រូវចាត់វិធានការហ្មត់ចត់ ដើម្បីយកឈ្នះអាកាសធាតុ មិនប្រក្រតី ដែលបង្កឲ្យមានគ្រោះថ្នាក់កើនឡើង នៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយនៅក្នុងចំណោម រឿងផ្សេងៗដទៃទៀត លោកក៏បានស្នើឲ្យ ធ្វើឲ្យប្រសើរឡើងនូវទន្លេ ការដាំដើមឈើឡើងវិញ សម្រាប់ការគ្រប់គ្រងការសឹករេចរិល ថែទាំទំនប់ និងទំនប់ប្រឡាយ។
មេដឹកនាំកូរ៉េខាងជើងរូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ស្ថានភាពគ្រោះថ្នាក់នៃការរាតត្បាត ជម្ងឺឆ្លងពិភពលោក នាពេលបច្ចុប្បន្ននេះ កំពុងតែរាលដាលហួស ពីការគ្រប់គ្រងបាន តម្រូវឲ្យមានការទប់ស្កាត់ កាន់តែតឹងរឹងឡើង មិនឲ្យឆ្លងរាលដាននៅទូទាំងប្រទេស ហើយការពង្រឹងការទប់ស្កាត់មិនឲ្យឆ្លង គឺជាភារកិច្ចដ៏សំខាន់ ដែលមិនត្រូវបន្ធូរបន្ថយ សូម្បីតែមួយភ្លេង ស្ថិតក្រោមស្ថានភាពបច្ចុប្បន្ននេះ” ៕
ប្រែសម្រួល៖ ប៉ាង កុង