ព័ត៌មានជាតិ

ADB ជម្រុញច្បាប់ “ការពាររុក្ខជាតិ និងភូតគាមអនាម័យ” ឲ្យចេញជារូបរាង ឆាប់រហ័ស ដើម្បីលើកកម្ពស់ កសិកម្មកម្ពុជា

ភ្នំពេញ ៖ លោកស្រី Sunniya Durrani-Jamal នាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រចាំកម្ពុជា បាននិងកំពុងតាម ដានអំពីដំណើរការនៃការរៀបចំសេចក្តីព្រាងច្បាប់ “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” ធ្វើយ៉ាងណាជម្រុញច្បាប់នេះ ឲ្យបានលឿននិងទទួលបានការអនុម័តនាពេលអនាគតដ៏ខ្លី ដើម្បីជួយលើកកម្ពស់សមត្ថភាពពេញលេញ ក្នុងការចូលរួមអនុវត្តការការពាររុក្ខជាតិ និងការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងវិស័យកសិកម្មកម្ពុជា ។

ក្នុងជំនួបជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ លោកស្រី Sunniya Durrani-Jamal បានថ្លែងថា “ខ្ញុំមានបំណង ចង់ពិភាក្សា និងតាមដាន អំពីដំណើរការ នៃការរៀបចំសេចក្តីព្រាងច្បាប់ខាងលើ ដើម្បីធ្វើយ៉ាងណាជំរុញកិច្ចការ នេះឲ្យបានលឿន រលូន និងទទួលបានការ អនុម័តនាពេលអនាគតដ៏ខ្លី ប្រយោជន៍ ដើម្បីជួយលើកកម្ពស់សមត្ថភាពពេញលេញ ក្នុងការចូលរួមអនុវត្តការការពាររុក្ខជាតិ និងការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងវិស័យកសិកម្មកម្ពុជា និងជាពិសេសដើម្បីជួយសម្រួល ដល់ការធ្វើកសិ-ពាណិជ្ជកម្ម ឲ្យបានរលូនទូលំទូលាយ និងមានប្រសិទ្ធភាពស្របនិយាម និងគោលនយោបាយ របស់អាស៊ាន និងអន្តរជាតិ”។

ជាការឆ្លើយតបលោក វេង សាខុន បានថ្លែងអំណរគុណចំពោះ ADB និង ជាពិសេសចំពោះលោកស្រី Sunniya Durrani-Jamal និងក្រុមការងារដែលយកចិត្តទុកដាក់ និងសម្តែងក្តីកង្វល់ចំពោះការយឺតយ៉ាវ នៃដំណើរការរៀបចំសេចក្តី ព្រាងច្បាប់នេះ។

លោកបន្តថា ច្បាប់នេះមានសារ:សំខាន់ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ព្រោះជួយសម្រួលដល់ការធ្វើកសិពាណិជ្ជកម្ម ការការពាររុក្ខជាតិពីជំងឺឆ្លង និងសត្វល្អិតចង្រៃដែលអាចបង្កហានិភ័យ ដល់ដំណាំ និងជាពិសេសនោះ គឺជាឧបសគ្គចំបងដល់ការនាំចេញ កសិផលកម្ពុជា ប្រសិនបើគ្មានវិធានការការពារ ឬទប់ស្កាត់ឲ្យបានត្រឹមត្រូវច្បាស់លាស់ និងមានប្រសិទ្ធភាពស្របតាមលក្ខណច្បាប់ និងបច្ចេកទេសនោះទេ។

លោករដ្ឋមន្រ្តីបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ កំពុងដំណើរការទៅមុខ បើទោះបីមានបញ្ហាខ្លះៗ ដែលត្រូវពិភាក្សាឲ្យ បានលម្អិត និងស៊ីជម្រៅបន្ថែមទៀត ជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ។ ប៉ុន្តែទោះជាយ៉ាងណាក្រសួង នឹងខិតខំឲ្យអស់ពីសមត្ថភាព ក្នុងការចរចា និងដោះស្រាយបញ្ហា ដែលជាប់គាំងទាំងឡាយ ធ្វើយ៉ាងណាជំរុញ ឲ្យសេចក្តីព្រាងច្បាប់នេះអនុម័ត ក្នុងពេលឆាប់ៗនេះ ៕ ដោយ៖ធី លីថូ

To Top