Covid-19

ជប៉ុន នឹងចេញវិញ្ញាបនបត្រ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ តាមអ៊ីនធើរណេត ចាប់ពីខែធ្នូ

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ថា សារព័ត៌មានជប៉ុន Nikkei បានរាយការណ៍នៅថ្ងៃអាទិត្យទី ៥ ខែកញ្ញានេះថា ប្រទេសជប៉ុន នឹងចេញវិញ្ញាបនបត្រ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ តាមអ៊ីនធើរណេត ចាប់ពីខែធ្នូ ។

សារព័ត៌មាន Nikkei បានផ្សព្វផ្សាយថា រដ្ឋាភិបាល គ្រោងនឹងចេញវិញ្ញាបនបត្រ ដែលនឹងមានបំណង សម្រាប់ការធ្វើដំណើរ ទៅក្រៅប្រទេស ជាជាងការប្រើប្រាស់ ក្នុងស្រុកតាមរយៈ QR កូដ តមរយៈកម្មវិធីស្មាតហ្វូន ចាប់ពីពាក់កណ្តាលខែធ្នូ ដោយមិនបានដកស្រង់ ប្រភពច្បាស់នោះទេ ។

របាយការណ៍នេះ បានឲ្យដឹងថា លោកនាយករដ្ឋមន្រ្តី Yoshihide Suga និងសមាជិកគណៈរដ្ឋមន្ត្រី ផ្សេងទៀត ត្រូវបានកំណត់នៅថ្ងៃចន្ទ សម្រាប់កិច្ចប្រជុំ ក្រុមប្រឹក្សា ស្តីពីការលើកកម្ពស់សង្គម ឌីជីថល ដែលពួកគេនឹងសម្រេចចិត្ត លើគោលនយោបាយ របស់រដ្ឋាភិបាល សម្រាប់លិខិតឆ្លងដែន នៃការចាក់វ៉ាក់សាំងឌីជីថល ។

សារព័ត៌មាន Nikkei បានឲ្យដឹងថា គម្រោងនេះនឹងក្លាយជាអាទិភាព សម្រាប់ទីភ្នាក់ងារឌីជីថលថ្មី របស់ជប៉ុន ដែលបានបើកដំណើរការ នៅក្នុងសប្តាហ៍នេះ ដើម្បីផ្តោតលើ ការនាំយកហេដ្ឋារចនាសម្ព័ន្ធ រដ្ឋាភិបាលកណ្តាល និងមូលដ្ឋានតាម អ៊ីនធើរណេត ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top