ព័ត៌មានជាតិ

កំណាត់ផ្លូវជាតិលេខ២១ ត្រូវបានស្ថាបនា ប្រព័ន្ធលូ រំដោះទឹកភ្លៀង

ភ្នំពេញ៖ ស្របពេលដែល បច្ចុប្បន្នមានភ្លៀងធ្លាក់ ស្ទើររៀងរាល់ថ្ងៃ នៅតាមបណ្ដាខេត្តនានា នៃប្រទេសកម្ពុជា ដើម្បីធានាបាននូវ គុណភាពផ្លូវជាតិលេខ២១ មន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តកណ្ដាល បាននឹងកំពុងរួសរាន់ស្ថាបនាប្រព័ន្ធលូ រំដោះទឹកភ្លៀង ជៀសវាងមានខូចខាត ផ្លូវមួយខ្សែរនេះ។

សូមរំលឹកថា ជារឿយៗ អ្នកធ្វើដំណើរនៅតាមបណ្ដោយ ផ្លូវជាតិលេខ២១ តែងតែបានឃើញទឹកជន់លិចចិញ្ចើមផ្លូវ នៅពេលដែលមានភ្លៀងធ្លាក់ម្ដងៗ​ ជាហេតុនាំឱ្យផ្លូវឆាប់ខូច។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ២១ មានប្រវែង ៦៣,៦គីឡូម៉ែត្រ(ពីតាខ្មៅ ទៅជ្រៃធំ) ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលមានថវិកាសរុប ៦១,៦លានដុល្លារ ក្នុងនោះថវិកាកម្ចីសម្បទានពីសាធារណរដ្ឋកូរ៉េ ៥២,៥៤លានដុល្លារអាមេរិក និងថវិកាបដិភាគ ៩,០៦ លានដុល្លារអាមេរិក។គម្រោង​នេះ​ត្រួតពិនិត្យ​ ​ដោយ​ទីប្រឹក្សា​បច្ចេកទេស​ក្រុមហ៊ុន​អន្តរជាតិ​កូរ៉េ​ ​DASAN​ ​Consultants​ ​Co​.​ ​Ltd​.​ ​និង​សាងសង់​ដោយក្រុម​ហ៊ុន​កូរ៉េ​ ​Hanshine​ ​E​&​C​ ​C0​,​ ​Ltd​.​៕

To Top