ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមន៍ អ្នកសារព័ត៌មានកម្ពុជា-ចិនបានដាក់ផ្លែទៅកាន់មន្រ្តីអតីតគណបក្សប្រឆាំង ថាតើជោគជ័យរឿងអ្វី បើបក្សរបស់ខ្លួនត្រូវបាន តុលាការរំលាយ កាលពីឆ្នាំ២០១៧ជាពិសេសអតីតអ្នករួមបង្កើតបក្សកន្លងមក បានបែកខ្ញែក ចែកជើងគ្នារត់រកព្រះអាយុរៀងៗខ្លួនបាត់ ទៅហើយនោះ។
ការលើកឡើង របស់លោក សយ សុភាព បែបនេះ ធ្វើឡើងបន្ទាប់ពី មន្រ្តីអតីតគណបក្សសង្គ្រោះជាតិ បានបើកសិក្ខាសាលារបស់ខ្លួន ស្ដីពីផែនការយុទ្ធសាស្រ្ត និងភាពជាអ្នកដឹកនាំ នៅសហរដ្ឋអាមេរិក ។
នៅលើគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ លោក សយ សុភាព បានលើកឡើងនូវមូលហេតុមួយចំនួនដែលបង្ហាញពីសិក្ខាសាលា ជោគជ័យក្លែងក្លាយ របស់ក្រុមមន្រ្តីអតីតបក្សប្រឆាំងនេះ។
មូលហេតុ ទាំងនោះរួមមាន៖
១ តើមានឈ្មោះស្អីទៀត បើតុលាការ រំលាយចោលបាត់ទៅហើយ។ បើទោះបីអ្នកមិនទទួលស្គាល់ តែអតីតអ្នកជាប់បម្រាម បានសរសេរលិខិតឆ្លងតាមរយៈ រដ្ឋមន្ត្រីមហាផ្ទៃទៅនាយករដ្ឋមន្រ្តី និង ទូលថ្វាយសុំរាជទានទោសពីព្រះមហាក្សត្យ និង ព្រះករុណាបានសព្វព្រះរាជហរទ័យ ប្រោសព្រះរាជទាន លើកលែងទោស រួចបាត់ទៅហើយ។
២ តើជោគជ័យរឿងស្អី? ពីអតីតសមាជិកសភា ក្លាយទៅជាអ្នករត់ចោលស្រុក និងសកម្មជនទៅហើយនោះ!។
លោក សយ សុភាព បញ្ជាក់ថា «នៅពេលនេះ អតីតអ្នករួមបង្កើតបក្សកន្លងមក បានបែកខ្ញែក ចែកជើងគ្នារត់រកព្រះអាយុរៀងៗខ្លួនបាត់ ទៅហើយ តើសិក្ខាទទួលបានជោគជ័យលើចំណុចអ្វី?»។
លោកបន្ថែមថា នេះហើយមិនមើល ប្រវត្តិសាស្ត្រថ្មីៗដែលក្រុម លន់ ណល់ សិរីមតៈ និង បរិវារចាញ់បោកអាមេរិក។
លោក សយ សុភាព បានរំពឹងថា អនាគតប្រហែល អតីតសម្មជនជាន់ខ្ពស់ ខ្លះទៀតនឹងដើរចេញ ដោយពួកគាត់នឹងមិនផ្សងព្រេងល្បែង ដ៏មហាគ្រោះថ្នាក់នេះទៀតទេ។
ពាក់ព័ន្ធបច្ចុប្បន្នភាព លោក សយ សុភាព បានផ្ដាំទៅកាន់ក្រុមទាំងនោះ ឱ្យមើលប្រទេសអាហ្វហ្គានីស្ថានជាគំរូ។
លោកថា អ្នកចាញ់ពិតប្រាកដគឺ ពួកអ្នកកាន់អំណាច នៅអាហ្វហ្គានីស្ថានដែលជឿលើអាមេរិក តែអាមេរិក មិនបានស្លាប់ជាមួយទេដោយស្រូត មកបង្កើតសមរភូមិនៅ អាស៊ាន ដើម្បីទប់ចិន ដោយបង្កើត ឥណ្ឌូ-ប៉ាស៊ីហ្វិក និងប្រកាសនៅវៀតណាម ១១ វិច្ឆិកា២០១៧៕