នយោបាយ

លោក សយ សុភាព៖ យើងគួរវិភាគ ឱ្យរៀមច្បងអ្នកនយោបាយ យល់ចិត្តគ្នា កុំដុតបន្ថែម

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឃមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានអំពាវនាវទៅកាន់ អ្នកវិភាគទាំងអស់ថា គួរវិភាគឱ្យរៀមច្បង នៃអ្នកនយោបាយ យល់ចិត្តគ្នា ហើយកុំដុតបន្ថែម។

ការលើកឡើងបែបនេះ បន្ទាប់កាសែត The Cambodia Daily Khmer បានចុះផ្សាយ ដោយដកស្រង់សំដីរបស់ ទូច វិបុល ប្រធានប្រតិបត្តិនៃចលនានិស្សិត ដើម្បីលទ្ធិប្រជាធិបតេយ្យ ក្រោមចំណងជើងថា « ក្រុមអ្នកតស៊ូមតិ នៅឯនាយសមុទ្រ អះអាងថា ដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ទៅកម្ពុជា អាចដើម្បីក្រើនរំលឹកលោក ហ៊ុន សែន អំពីការរកស៊ីរបស់កម្ពុជា ជាមួយបណ្តារប្រទេស លោកសេរីទៅវិញ»។

សូមបញ្ជាក់ថា ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នឹងធ្វើដំណើរបំពេញទស្សនកិច្ច នៅប្រទេស កម្ពុជា វៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូង រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១០-១៥កញ្ញា ឆ្នាំ២០២១នេះ។

ឆ្លើយតបទៅនឹង ការលើកឡើង របស់លោក ទូច វិបុល នេះ លោក សយ សុភាព អគ្គនាយកមជ្ឃមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា « មិនដូច្នោះទេបង។ ពួកនេះបញ្ឆេះឱ្យខ្មែរស្អប់ចិន តែពួកគាត់រកសុីជាមួយចិន ហើយទ្រចិនដូចកែវអញ្ជឹង» ។

លោក សយ សុភាព បន្ថែមថា «យើងជាខ្មែរមិនស្អប់អ្នកណាទាំងអស់ តែពួកគាត់ទេដែលបង្កើត បញ្ហាឱ្យរើសអើង។ បងរូបខ្ញុំក៏ជាខ្មែរម្នាក់ដែរ ខ្ញុំមិនងប់ងល់ នឹងបរទេសហួសហេតុទេ សូម្បីចិន ក៏ខ្ញុំមិននិយមជ្រុលដែរ ប៉ុន្តែបើគ្មានចិនជួយយើងទេម៉េះ ខ្មែរក្លាយទៅជាផ្នែកមួយ នៃប្រទេសជិតឆ្ងាយ ហែកចែកគ្នា ហូបហើយ»។

លោក បញ្ជាក់ថា «បង! ខ្ញុំតែងតែស្តាប់បង និង អ្នកវិភាគផ្សេងទៀត ខ្ញុំមិនដែលចាត់ទុកគំនិតរបស់បងខ្មៅទេ ព្រោះបងៗជាវញ្ញាវ័ន្ត តែខ្ញុំបានដឹងច្បាស់ណាស់ថា អ្វីៗគឺមហាអំណាចជាអ្នកគូសវាសមកទាំងអស់ ពោលភូមិសាស្ត្រនយោបាយដែល ប្រទេសទន់ខ្សោយ តូចតាច ពិបាកនឹងជ្រើសណាស់។ ខ្ញុំថាបងយល់ទាំអស់ប៉ុន្តដោយសារនិន្នាការ នយោបាយទើបបងវិភាគបែបនេះ»។

លោក សយ សុភាព គូសបញ្ជាក់ថា «ពិតហើយថាពេលនេះ អាមេរិកធិបសន្លឹកបៀរ សម រស្សុី មួយឡែកសិន ហើយខំរកវិធីដោះលោក កឹម សុខា។ ខ្ញុំយល់តើលើបញ្ហានេះ។ ប៉ុន្តែបងសួរថាតើអ្នកឈ្នាសនីសខ្មែរ យើងគេសប្បាយទេ? ពិតណាស់ណាស់គឺគ្មានទេ»។

លោកបន្តថា «យើងបានបាត់ផែនទីចង្អុលផ្លូវ ចាប់តាំងពីបែកបាក់អង្គរមកម៉្លេះ ដូច្នេះខ្ញុំយល់ថាដើម្បី យើងវិលទៅរកអតីតកាលវិញ ខ្ញុំសូមអំពាវនាវ ទៅកាន់អ្នកវិភាគមុនគេថា យើងគួរវិភាគឱ្យរៀមច្បង នៃអ្នកនយោបាយ យល់ចិត្តគ្នា ហើយកុំដុតបន្ថែម»។

លោក សយ សុភាព យល់ថាពេលនេះ ជាឱកាសល្អណាស់ សម្រាប់ខ្មែរ ហើយក៏សុំឱ្យអាមេរិកកុំយកខ្មែរ ទៅបំរើនយោបាយរបស់ខ្លួន បើចង់ឈ្នះចិននោះ ទុកឱ្យខ្មែរបានសុខផង៕

To Top