ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) ក្នុងឱកាសផ្តល់កិត្តិយស អញ្ជើញជាអធិបតីភាព បើកវគ្គបណ្តុះបណ្តាល ស្ដីពីការវិនិយោគក្នុងវិស័យមូលបត្រ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះ និងបានលើកឡើងថា បើទោះបីជាប្រទេសកម្ពុជាយើង ជួបនឹងវិបត្តិនៃការរីករាលដាល ជំងឺ កូវីដ១៩ យ៉ាងណាក៏ដោយ ក៏ការពង្រឹងសមត្ថភាព ដល់មន្ត្រី ប.ស.ស. មិនអាចផ្អាក ឬរាំងស្ទះបានឡើយ។
តាមរយៈវគ្គបណ្តុះបណ្តាលនេះផងដែរ ប.ស.ស. បានសហការជាមួយ នឹងនិយ័តករមូលបត្រកម្ពុជា ក្នុងការបង្ហាត់បង្ហាញ និងចែករំលែកដោយមន្ត្រីជំនាញ មកពីនិយ័តករមូលបត្រកម្ពុជា និងវាគ្មិនមានបទពិសោធន៍យូរឆ្នាំ ពាក់ព័ន្ធនឹងការវិនិយោគ ជាពិសេសវិស័យ មូលបត្រនាថ្ងៃនេះ សិក្ខាកាមចូលរួមទាំងអស់ នឹងបានយល់ដឹងកាន់តែច្បាស់ អំពីទិដ្ឋភាពទូទៅ នៃទីផ្សារមូលបត្រកម្ពុជា របៀបនៃការវិនិយោគ ការវិភាគ និងវាយតម្លៃ ដើម្បីទទួលបាននូវឱកាស ចំណេញពីការវិនិយោគលើមូលបត្រ ក៏ដូចជាការថ្លឹងថ្លែង ពីហានិភ័យមុននឹងសម្រេចចិត្ត វិនិយោគ ។
លោក អ៊ុក សមវិទ្យា បានថ្លែងបន្ថែមថា ខ្ញុំមានការជឿជាក់យ៉ាងមុតមាំថា ចំណេះដឹងដែលទទួលបាន ពីកម្មវិធីបណ្តុះបណ្តាលនេះ មិនត្រឹមតែអាចជួយផ្តល់ ការយល់ដឹងប៉ុណ្ណោះទេ វាក៏នឹងផ្តល់ជាពុទ្ធិដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញដែលបានចូលរួម ក្នុងវគ្គបណ្តុះបណ្តាលនេះ សម្រាប់ជាចំណេះដឹង ក្នុងការវិនិយោគក្នុងទីផ្សារមូលបត្រ ដែលនឹងជួយឱ្យការធ្វើពិពិធកម្មសាច់ប្រាក់ សន្សំកាន់តែមានប្រសិទ្ធភាពខ្ពស់ ថែមទៀត ដូចនេះ លោកបានលើកទឹកចិត្ត ឱ្យមានការចូលរួមខ្ពស់ជាមួយវាគ្មិន ដែលជាអ្នកជំនាញសម្រាប់កម្មវិធី បណ្តុះបណ្តាលនេះ។
លោកអគ្គនាយក បានបន្តទៀតថា ដើម្បីអាចធ្វើការវិនិយោគ មូលនិធិសន្តិសុខសង្គម ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព សន្ទនីយភាព ទទួលបានប្រាក់ចំណេញ និងមានកម្រិតហានិភ័យទាប គឺចាំបាច់ត្រូវមានចំណេះដឹង ពាក់ព័ន្ធនឹងផលិតផល ដែល ប.ស.ស. ពិចារណាសម្រាប់ការវិនិយោគ។ ដូចនេះ ការអភិវឌ្ឍធនធានមនុស្ស គឺជាការងារអាទិភាព ដែលកម្មវិធីបណ្តុះបណ្តាល នាថ្ងៃនេះជាសក្ខីភាពស្រាប់។
បើទោះបីជាប្រទេសកម្ពុជាយើង ជួបនឹងវិបត្តិនៃការរីកាលដាល ជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏ការពង្រឹងសមត្ថភាព ដល់មន្ត្រី ប.ស.ស. មិនអាចផ្អាក ឬរាំងស្ទះបានឡើយ យើងត្រូវរៀនរស់នៅ តាមបែបគន្លងថ្មីដោយត្រូវពាក់ម៉ាស់ លាងដៃ ព្រមទាំងអនុវត្ត ៣កុំ ៣ការពារ និង២ចូលរួម តាមការណែនាំ របស់ក្រសួងសុខាភិបាល ដោយប្តូរពីរៀបចំផ្ទាល់ មកជាការរៀបចំវគ្គបណ្តុះបណ្តាល តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) វិញ។
ការយល់ដឹងពីវិស័យមូលបត្រនេះ ពិតជាមានសារៈសំខាន់ណាស់ ព្រោះវិស័យមូលបត្រ គឺជាផ្នែកមួយនៃវិស័យហិរញ្ញវត្ថុ និងជាបរិដ្ឋានវិនិយោគ ដើម្បីផ្តល់ជាជម្រើសសម្រាប់ការវិនិយោគ មូលនិធិសន្តិសុខសង្គម។
សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលស្ដីពីការ វិនិយោគក្នុងវិស័យមូលបត្រ ខាងលើនេះ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ មានរយៈពេល៤សប្តាហ៍ ដោយមានការចូលរួម ពីមន្ត្រីជំនាញពាក់ព័ន្ធវិស័យមូលបត្រ និងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃ ប.ស.ស. តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ៕