ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់តាំងស្នងការរង៣រូប ចុះពិនិត្យបទល្មើស តាមព្រំដែន និងស្ថានភាពទឹកជំនន់

ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាន​ នគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានចាត់តាំងស្នងការរងចំនួន៣រូប រួមមាន: លោក ឧត្តមសេនីយ៍ត្រី អ៊ុ សុផល ស្នងការរង នគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនការងារព្រំដែនគោក លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនប្រឆាំងបទល្មើសជួញដូរមនុស្ស លោកវរសេនីយ៍ឯក ជុន លាង ស្នងការរង ទទួលទិស៨០៧ ចុះត្រួតពិនិត្យស្ថានភាពព្រំដែន បទល្មើសឆ្លងដែនខុសច្បាប់ និងស្ថានភាពទឹកជំនន់ ។

លោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនការងារ ព្រំដែនគោក បានមានប្រសាសន៍ថា គោលបំណង នៃការចុះបេសកកម្មតាមព្រំដែនថ្ងៃនេះគឺ ចុះត្រួតពិនិត្យកងកម្លាំង តាមគោលដៅ -ទប់ស្កាត់មេខ្យល់ បទល្មើសឆ្លងដែនខុសច្បាប់ និងការដាក់កម្លាំង ត្រៀមលក្ខណៈជាស្រេច ដើម្បីត្រៀមបង្ការ សង្គ្រោះ ពលរដ្ឋនៅតំបន់ រងគ្រោះដោយទឹកជំនន់ ការជម្លៀសពលរដ្ឋទៅកាន់ ទីទួលមានសុវត្ថិភាព ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រ នៃវរសេនាតូចការពារព្រំដែនគោក លេខ៨០៧។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល ស្នងការរងក៏បាននាំយកអំណោយ អាវយឺត ចែកជូនដល់កម្លាំង និងមានមតិផ្តាំផ្ញើ ដល់កងកម្លាំងទាំងអស់ អនុវត្តតួនាទី ភារកិច្ចបានល្អ រួមគ្នាទប់ស្កាត់រាល់បទល្មើសតាមព្រំដែន ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព និងបន្តអនុវត្តការណែនាំ របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ៕

To Top