ព័ត៌មានអន្តរជាតិ

ជប៉ុន ប្រាប់ពលរដ្ឋខ្លួនឱ្យប្រុងប្រយ័ត្ន ជាមួយ នឹងការវាយប្រហារដោយ ភេរវកម្មនៅប្រទេស អាស៊ីអាគ្នេយ៍ ដែលនឹងអាចកើតឡើង

បរទេស៖ មន្រ្តីនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដែលគ្របដណ្តប់ដោយការផ្តល់ប្រឹក្សានេះនិយាយថា មិនមានព័ត៌មានថ្មីអំពីការគំរាមកំហែងសន្តិសុខកម្រិតខ្ពស់នៅក្នុងប្រទេសរបស់ពួកគេនោះទេ ហើយការគំរាមកំហែងនឹងត្រូវបានត្រួតពិនិត្យជាបន្តបន្ទាប់។

យោងតាមសារព័ត៌មាន ASIA PACIFIC ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ស្ថានទូតជប៉ុនប្រចាំនៅទីក្រុងម៉ានីល ប្រទេស ហ្វីលីពីនបាននិយាយនៅថ្ងៃអង្គារទី ១៤ ខែកញ្ញានេះថា រដ្ឋាភិបាលជប៉ុនបានព្រមានពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន អំពីការវាយប្រហារភេរវកម្មដែលអាចកើតមាន។

ស្ថានទូតជប៉ុននៅទីក្រុងម៉ានីលបានបញ្ជាក់ថា ការព្រមានមួយត្រូវបានចេញដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋរបស់ខ្លួនអំពីការគំរាមកំហែងនេះ ប៉ុន្តែវាមិនអាចចែករំលែកព័ត៌មានលម្អិត ឬបង្ហាញពីប្រភពព័ត៌មានរបស់ខ្លួនបានទេ។ របាយការណ៍ព័ត៌មានពីប្រទេសជប៉ុន ម៉ាឡេស៊ី និងថៃ បាននិយាយថា ការប្រឹក្សានេះត្រូវបានបញ្ជូននៅថ្ងៃច័ន្ទទី ១៣ ខែកញ្ញា។

មន្រ្តីស្ថានទូតម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន Philippine News ថា “ យើងបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានទទួលព័ត៌មានអំពីការវាយប្រហារភេរវកម្មដែលអាចកើតមាន ប៉ុន្តែយើងមិនអាចផ្តល់ព័ត៌មានលម្អិតណាមួយនៅពេលនេះបានទេ” ។

ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍មុននេះថា ក្រសួងការបរទេសជប៉ុនបានជំរុញឱ្យពលរដ្ឋរបស់ខ្លួននៅឱ្យឆ្ងាយពីហ្វូងមនុស្សនិងកន្លែងសាសនានៅហ្វីលីពីន ឥណ្ឌូនេស៊ី សិង្ហបុរី ម៉ាឡេស៊ី ថៃ និងមីយ៉ាន់ម៉ា បន្ទាប់ពីទទួលបានព័ត៌មានថា“ មានហានិភ័យកើនឡើង ដូចជាការបំផ្ទុះគ្រាប់បែកអត្តឃាតជាដើម»៕ប្រែសម្រួលៈ ណៃ តុលា

To Top