ព័ត៌មានជាតិ

លោក ឃួង ស្រេង ៖ ការបើកសាលា មិនមែនយកជីវិតសិស្ស សាកល្បង ឈានទៅបើកភ្នំពេញ ជាធម្មតានោះទេ (Video)

ភ្នំពេញ ៖ ក្រោយពិនិត្យឃើញ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនជាង២០០ទីតាំងនៅភ្នំពេញ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញហើយនោះ គ្រឹះស្ថានទាំងនោះបានចាប់ផ្តើមបើកដំណើរការវិញជាបន្តបន្ទាប់ ។ ជុំវិញការបើកសាលារៀនឡើងវិញនេះ មានមតិមួយចំនួន លើកឡើងថា អាជ្ញាធរយកអាយុជីវិត សិស្សានុសិស្សមកសាកល្បងជាមុន មុននឹងឈានទៅបើកឲ្យរាជធានីភ្នំពេញដំណើរការជាធម្មតាឡើងវិញ ។ ប៉ុន្តែ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអះអាងបញ្ជាក់យ៉ាងច្បាស់ៗថា គ្មានករណីដូចការលើកឡើងបែបនេះទេ។

ក្នុងឱកាសចុះត្រួតពិនិត្យ ការរៀបចំ និងដំណើរការនៃការសិក្សារបស់សិស្សានុសិស្ស តាមបណ្តាសាលារៀនឯកជន និងរដ្ឋមួយចំនួននាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដែលជាថ្ងៃដំបូង លោក ឃួង ស្រេង ថ្លែងឲ្យដឹងថា ការបើកដំណើរការសាលាមុននឹងឈានទៅបើកគ្រប់អាជីវកម្ម ជាពិសេសបើកភ្នំពេញជាធម្មតាវិញនោះ មិនមែនជាការសាកល្បង ឬយកអាយុជីវិតប្រជាពលរដ្ឋណាម្នាក់ មកសាកល្បងឡើយ ពោលអាជ្ញាធរបានយកចិត្តទុកដាក់ខ្ពស់ និងត្រួតពិនិត្យសព្វគ្រប់ មុននឹងសម្រេចឲ្យដំណើរការ ។

អភិបាលរាជធានីលើកឡើងថា “ក្នុងនាមអាណាព្យាបាល សម្តេចក្នុងនាមប្រមុខរាជរដ្ឋាភិបាល ក្នុងនាមរដ្ឋមន្ត្រីអប់រំ ក្នុងនាមក្រសួងពាក់ព័ន្ធ ពិតជាមានការព្រួយបារម្ត មិនមែនមិនមាននោះទេ ហើយមិនមែនជាការយកអាយុជីវិតរបស់ប្រជាពលរដ្ឋ មកសាកល្បងដែរ ព្រួយបារម្ភណាស់រឿងនេះ ។ ហេតុនេះហើយបានជា មានការចាត់ជាក្រុមមកត្រួតពិនិត្យ តាំងពីថ្ងៃរៀបចំបើកប្រកាស ។ យើងមានក្រុមកាងាររបស់យើងថ្នាក់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានអភិបាលរងរាជធានីភ្នំពេញម្នាក់ ជាអនុប្រធានប្រចាំការ និងខ្ញុំជាប្រធាន ត្រួតពិនិត្យការងារនេះ យ៉ាងល្អិតល្អន់ ហើយណែនាំដល់នាយក នាយករងសាលា បុគ្គលិកសិក្សាទាំងអស់ ហើយយើងបានអញ្ជើញ បុគ្គលិកសិក្សាយើងទាំងអស់ ទៅធ្វើ Repeat Test (តេស្តរហ័យ) រួចរាល់ហើយ” ។

ប្រសិនបើមានករណីឆ្លងក្នុងសាលារៀន អាជ្ញាធរនឹងមានវិធានការបន្ទាន់ភ្លាមៗ ត្រង់ចំណុចនេះ ត្រូវបានលោក ឃួង ស្រេង បញ្ជាក់ថា បើមានចឹងមែន ត្រឹមក្រោម១០%នោះ អាចបិទថ្នាក់រៀនប៉ុណ្ណោះ តែបើរកឃើញលើសពី១០% មានន័យថា អាត្រាខ្ពស់ អីចឹងអាជ្ញាធរនឹងបិទគ្រឹះស្ថានសិក្សានោះបណ្តោះអាសន្ន រងចាំការសម្រេច និងត្រួតពិនិត្យឡើងវិញ ។

លោកបញ្ជាក់ថា “បើមានបញ្ហានៅកន្លែងណា យើងនឹងអន្តរាគមន៍ផ្នែកសុខាភិបាល ទៅកន្លែងហ្នឹង” ។

យ៉ាងណាមិញ ទោះរាជធានីភ្នំពេញ មានករណីឆ្លងរាលដាលគ្រប់កន្លែងក៏ដោយ ហើយគ្រប់មុខរបរអាជីវកម្មមួយចំនួន នៅតែមិនទាន់អាចបើកដំណើរការបាន ក៏អាជ្ញាធររាជធានីភ្នំពេញនៅតែសម្រេចឲ្យបើកដំណើរការគ្រប់គ្រឹះស្ថានសិក្សា ទោះមិនបានបើកទាំងអស់ក្តីនោះ ត្រូវបានលោកអភិបាលរាជធានីភ្នំពេញ លើកឡើងថា “ការសិក្សារបស់យើងដើរក្រោយគេ ប្រទេសយើងនឹងទៅថ្ងៃអនាគត នឹងខ្វះធនធានមនុស្ស នេះជាកម្រិតសំខាន់ណាស់ ។ គោលការណ៍និងឧត្តមគតិបណ្ឌិតរបស់សម្តេចតេជោ គឺសម្តេចបានយល់ឃើញយ៉ាងច្បាស់ថា ការអភិវឌ្ឍ ប្រទេសជាតិបានលុះត្រាតែមានធនធានមនុស្ស ប្រកបដោយចំណេះដឹងខ្ពស់ ។ នេះជាចំណុចខាន់ដែលយើងបើកគ្រប់គ្រឹះស្ថានសិក្សាក្នុងរាជធានីភ្នំពេញ” ។

សូមបញ្ជាក់ថា គ្រឹះស្ថានសិក្សាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យនៅរាជធានីភ្នំពេញ ត្រូវបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី១៥កញ្ញានេះ មានចំនួន២២៧ទីតាំង ក្នុងនោះ គ្រឹះស្ថានសិក្សាសាធារណៈ ចំនួន៦៨ទីតាំង និងគ្រឹះស្ថានឯកជនមានចំនួន១៥៩ទីតាំង ដែលមានលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំបម្រើការងារចំនួន ១០.៤៤៣នាក់ និងមានសិក្សានុសិស្សត្រូវចូលរៀនវិញចំនួន១៣៩.៥៧៨នាក់ ៕

To Top