ព័ត៌មានអន្តរជាតិ

សម្ដេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ហុងគ្រី ផ្អែកលើការជឿទុកចិត្តគ្នា និងសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ

ភ្នំពេញ៖ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៥ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ទំនាក់ទំនងមិត្តភាព កម្ពុជា-ហុងគ្រី គឺផ្អែកលើការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ។

យោងតាមលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើលិខិតជូនចំពោះលោក Viktor Orbán នាយករដ្ឋមន្រ្ដីនៃប្រទេសហុងគ្រី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង កម្ពុជា និងហុងគ្រី បញ្ជាក់ថា «ទំនាក់ទំនងមិត្តភាពកម្ពុជា និងហុងគ្រី គឺផ្អែកលើការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ។ ប្រទេសយើងទាំងពីរ មានការយល់ឃើញរួម ចំពោះបញ្ហាប្រឈមដែលសហគមន៍ អន្តរជាតិកំពុងជួបប្រទះ នាពេលបច្ចុប្បន្ននេះ និងតែងបានផ្ដល់ការគាំទ្រគ្នាទៅវិញទៅមកក្នុង វេទិកាផ្សេងៗ»។

សម្ដេចតេជោបន្ដថា នាពេលកន្លងមកថ្មីៗ ការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរបាន សបញ្ជាក់ឲ្យឃើញអំពីសញ្ញាណ នៃការជឿទុកចិត្តផ្នែកនយោបាយ ទៅវិញទៅមកដែលពិតជាបានឆ្លុះ បញ្ចាំងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

សម្ដេចតេជោ បានបន្ថែមថា សម្ដេចត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក Viktor Orbán ដើម្បីបន្តពង្រឹងកិច្ច សហប្រតិបត្តិការរបស់យើង ក្នុងវិស័យផ្សេងៗ ដើម្បីផលប្រយោជន៍រួម របស់ប្រជាជនទាំងពីរ ៕

To Top