ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ប្រារព្ធធ្វើសមយុទ្ធយោធា ជាមួយកងកម្លាំងអាមេរិក និងសម្ពន្ធមិត្តណាតូ


បរទេស៖ ប្រទេសអ៊ុយក្រែន បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នា ជាមួយកងទ័ពសហរដ្ឋអាមេរិកនិងកងទ័ពណាតូ នៅថ្ងៃចន្ទនេះ ស្របពេលដែលប្រទេសជិតខាង គឺរុស្ស៊ីនិងបេឡារុស កំពុងតែធ្វើសមយុទ្ធទ្រង់ទ្រាយធំ បង្កឲ្យបណ្ដាប្រទេសលោកខាងលិចមានក្តីព្រួយបារម្ភ។


យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន ដែលធ្វើសង្គ្រាមជាមួយពួកបះបោរគាំទ្រដោយរុស្ស៊ី តាំងពីឆ្នាំ២០១៤មកនោះ ជាយូរមកហើយបានស្វះស្វែងរកការដាក់បញ្ចូលគ្នាឲ្យកាន់តែសិទ្ធឡើង ជាមួយយោធាលោកខាងលិច ដោយសង្ឃឹមថា ថ្ងៃណាមួយនឹងបានចូលរួមក្នុងអង្គការណាតូ។


មន្ត្រីនាំពាក្យក្រសួងការពារជាតិនៃប្រទេសអ៊ុយក្រែនមួយរូប បាននិយាយប្រាប់ឲ្យដឹងថា កងទ័ពអ៊ុយក្រែនចំនួន៤.០០០នាក់ និងកងកម្លាំងបរទេសចំនួន២.០០០នាក់ នឹងចូលរួមក្នុងសមយុទ្ធ “RAPID TRIDENT – 2021” ដែលនឹងត្រូវប្រព្រឹត្តទៅរហូតដល់ថ្ងៃទី០១ ខែតុលា។


លោក Ihor Palahniuk ជាមេបញ្ជាការផ្នែកបណ្ដុះបណ្ដាលកងកម្លាំងនៃប្រទេសអ៊ុយក្រែន បាននិយាយក្នុងពិធីបើកនៅមជ្ឈមណ្ឌលសន្តិសុខរក្សាសន្តិភាពអន្តរជាតិអ៊ុយក្រែន នៅជិតទីក្រុង Yaroviv ក្នុងភាគខាងលិចប្រទេសថា “ខ្ញុំជឿថា លោកម្នាក់ៗនឹងផ្តោតយកចំណេះរបស់លោកអ្នកទាំងអស់ កិច្ចខិតខំប្រឹងប្រែងរបស់អស់លោកអ្នកទាំងអស់គ្នា ដើម្បីបង្ហាញដល់ប្រទេសឈ្លានពានថា ពួកគេគ្មានឱកាសទេ”៕


ប្រែសម្រួល៖ប៉ាង កុង

To Top