ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបានបញ្ជាក់ថា អស់រយៈពេល ២៨ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញបានចូលរួមលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេសជាតិ។
ក្នុងឱកាសអបអរសាទរទិវា រំលឹកខួប២៨ឆ្នាំ នៃថ្ងៃប្រកាសរដ្ឋធម្មនុញ្ញ សម្តេច ហេង សំរិនប្រធានរដ្ឋសភា បានលើកឡើងថា ថ្ងៃទី២៤ ខែ កញ្ញានេះជាខួប២៨ឆ្នាំ (១៩៩៣-២០២១) នៃថ្ងៃប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល និងមូលដ្ឋានគ្រឹះនៃក្របខណ្ឌច្បាប់ ក្នុងការដឹកនាំកសាង អភិវឌ្ឍន៍ប្រទេសជាតិ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ចំណុចសំខាន់ៗដែលបានចែងច្បាស់ នៅក្នុងរដ្ឋធម្មនុញ្ញមានដូចជា កម្ពុជាត្រូវគោរពដាច់ខាត នូវរបបរាជានិយ មអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស។ ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ ជាដើម។
រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានធ្វើឲ្យប្រទេសកម្ពុជាយើង បានវិលត្រឡប់មកកាន់ “ព្រះរាជាណាចក្រកម្ពុជា” សារជាថ្មីឡើងវិញ ក្រោយពីយើងបាន បញ្ចប់សង្រ្គាមស៊ីវិល និងមានការបោះឆ្នោតដោយសេរី ជាសកលលើកទី១នៅឆ្នាំ១៩៩៣ និងបាននាំមកនូវសុខ សន្តិភាព ការបង្រួបបង្រួមជាតិ និងវឌ្ឍនភាពនៅក្នុងសង្គមជាតិ របស់យើងរហូតមកដល់សព្វថ្ងៃនេះ។
សម្តេចបន្ថែមថា ក្នុងរយៈពេល ២៨ឆ្នាំ កន្លងមកនេះ រដ្ឋសភាដែលជាស្ថាប័ននីតិប្ប ញ្ញត្តិមួយ បានបំពេញតួនាទីរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានក្នុងការ បំពេញភារកិច្ចស្នូលរបស់ខ្លួន លើការងារនីតិកម្ម តាមដានការអនុវត្តច្បាប់ និងភាពជាតំណាងរ បស់ពលរដ្ឋនៅក្នុងការចូលរួម លើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ។
សម្តេចគូសបញ្ជាក់ថា «រដ្ឋសភាបានអនុម័តច្បាប់ជាច្រើន សំដៅឆ្លើយតបទៅ នឹងតម្រូវការរបស់សង្គមជាតិ ទាំងក្នុងផ្នែកនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ»។
ជាមួយគ្នានោះដែរសម្តេច ក៏បានសូមជនរួមជាតិគោរព ការពារ និងអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញ សំដៅកសាង និងលើកកម្ពស់នីតិរដ្ឋនៅក្នុង ព្រះរាជាណាចក្រកម្ពុជាយើង រួបរួមគ្នាពង្រឹងឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យ និងអារ្យធម៌អង្គរដ៏បវរ របស់ជាតិសាសន៍យើង ក្នុងការដឹកនាំមាតុប្រទេសឆ្ពោះ ទៅជាកោះសន្តិភាព រុងរឿងថ្កុំថ្កើងតរៀងទៅ ៕ សំណាង