ព័ត៌មានជាតិ

តុលាការកំពូល ជម្រះបណ្តឹងសារទុក្ខ របស់បុរស ខ្មែរ-ឥស្លាមម្នាក់ ពាក់ព័ន្ធការករណីឃាតកម្ម គិតទុកជាមុន សម្លាប់ប្រពន្ធ គាត់ដោយអារក នឹងកាំបិត (Video)

ភ្នំពេញ: កាលពីព្រឹក ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២១ ក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសាទុក្ខ របស់បុរសពិរុទ្ធជន-ជនជាតិខ្មែរ-ឥស្លាមម្នាក់ ដែលត្រូវបានតុលាការ រាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៦ កាត់ទោស ដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត ជាប់ពាក់ព័ន្ធនឹង អំពើឃាតកម្មគិតទុកជាមុន ដោយគាត់បានអារកប្រពន្ធ របស់គាត់ នឹងកាំបិតមុតស្រួច បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម នៅក្នុងត្លុកឈាម ។

អំពីឃាតកម្មដ៏ឃោរឃៅនេះ បានកើតឡើងនៅក្នុងផ្ទះជួល របស់ជនរងគ្រោះ ដែលមានទីតាំង ស្ថិតនៅ ផ្លូវទន្លេសាប ក្រុម៧ ភូមិដើមគរ, សង្កាត់ជ្រោយចង្វា, ខណ្ឌជ្រោយចង្វា, រាជធានីភ្នំពេញ កាលពីអាធ្រាត្រ ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៦។

លោកអឿង សៀង ជាចៅក្រមរបាយការណ៍ បានអានឯកសារ នៃ សំណុំរឿងក្តីនេះថា ជនជាប់ចោទ មានឈ្មោះ បេ វ៉ាន់សាក់ ហៅ លាស់ រ៉ូសេត ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជាជនជាតិខ្មែរ-ឥស្លាម មានមុខរបរមុនចាប់ខ្លួន ជាអ្នកកាប់គោ មានទីលំនៅផ្ទះជួល នៅភូមិដើមគរ សង្កាត់ជ្រោយចង្វា,ខណ្ឌជ្រោយចង្វា, រាជធានីភ្នំពេញ ។

ចំណែកឯ ប្រពន្ធ ដែលជាជនរងគ្រោះមានឈ្មោះ ទូលាស់ ម៉ៃយ៉ាន ភេទ ស្រី អាយុ ៣៤ ឆ្នាំ មុខរបរលក់ដូរ ។
.
លោកចៅក្រម អឿង សៀង បានថ្លែងថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ បេ វ៉ាន់សាក់ ត្រូវបានតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃ ២៨ វិច្ឆិកា ឆ្នាំ ២០១៩ កាត់ទោស ដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត ពីបទ “ឃាតកម្មគិតទុកជាមុន” តាមបញ្ញត្តិមាត្រា ២០០ នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។

តុលាការក៏បាន បង្គាប់ឱ្យ ជនជាប់ចោទ ត្រូវសងថ្លៃជម្ងឺចិត្ត ចំនួន ៥០ លានរៀល អោយទៅម្តាយរបស់ជនរងគ្រោះ ដែលត្រូវជាភាគីដើមចោទ នៅក្នុងរឿងក្តីនេះ។

ជនជាប់ចោទ បានប្តឹងជំទាស់ នឹងសេចក្តីសម្រេច របស់តុលាការរាជធានីភ្នំពេញ មកកាន់សាលាឧទ្ទរណ៍រាជធានីភ្នំពេញ។ តែសាលាឧទ្ធរណ៍ បានតម្កល់សាលក្រម របស់តុលាការរាជធានីភ្នំពេញ រក្សាទុកជាបានការ ដដែល កាលពីថ្ងៃទី ១៤ មេសា ឆ្នាំ ២០១៩។

ជនជាប់ចោទ បេ វ៉ាន់សាក់ បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូល។

លោកចៅក្រម អឿង សៀង បានបន្ថែមថា ជនជាប់ចោទ បេ វ៉ាន់សាក់ ត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ចនគរបាលកាលពីថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៦ បន្ទាប់ពីគាត់បានប្រព្រឹត្តបទល្មើស ដូចខាងលើ។

នៅក្នុងនាពេលសវនាការ, ឈ្មោះ បេ វ៉ាន់ដាក់ បានឆ្លើយបដិសេធ ចំពោះការចោទប្រកាន់គាត់ និង បានអះអាងថា គាត់មិនបានសម្លាប់ប្រពន្ធ របស់គាត់នោះដូចគ្នាចោទប្រកាន់ និង ការកាត់ទោសគាត់ អំពី តុលាការថ្នាក់ក្រោមនោះទេ។

បេ វ៉ាន់សាក់ បានសំណូមពរ ដល់ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃ តុលាការកំពូល មេត្តាជួយរក និង ផ្តល់យុត្តិធម៌ដល់រូបគាត់ និង សម្រេចដោះលែងគាត់អោយមានសេរីភាពវិញ។

សំណុំរឿងក្តីនេះ, តុលាការកំពូលនឹង ប្រកាសសាលដីកា នៅពេលថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០២១ ខាងមុខនេះ៕

ដោយ: រស្មី អាកាស

To Top