ភ្នំពេញ ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានថ្លែងថា សិស្សានុសិស្ស មិនអាចជជែកអំពីរឿងនយោបាយ ក្នុងសាលារៀនទេ ពីព្រោះសាលាជាកន្លែងអព្យាក្រឹត បើចង់ឲ្យ ជជែកគ្នារឿងនយោបាយ ត្រូវធ្វើវិសោធនកម្មច្បាប់ ហាមឃាត់នោះលុបចោលសិន។
ជាមួយគ្នានេះដែរ ពាក់ព័ន្ធគ្រឿងញៀន ដែលកំពុងវាយលុក នៅគ្រប់តំបន់មូលដ្ឋាននៅកម្ពុជាវិញ ដែលកើតមានលើយុវជននោះ លោកថា សាលាគ្មានថវិកា ដើម្បីពិនិត្យទឹកនោម រកសារធាតុគ្រឿងញៀនពីសិស្សានុសិស្ស។
នេះបើយោងតាមគេហទំព័រហ្វេសប៊ុក លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលលោករដ្ឋមន្រ្តីបានឆ្លើយតប មកកាន់លោកជាច្រើនសំណួរ ពាក់ព័ន្ធវិស័យអប់រំ ក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីក្រសួងអប់រំ ក្នុងក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ។
លោក ពេជ្រ ស្រស់ បានស្នើក្រសួងអប់រំធ្វើយ៉ាងណា ឲ្យសិស្សានុសិស្សនៅសាលារៀន មានសិទ្ធិពេញលេញក្នុងការជជែកគ្នា អំពីរឿងនយោបាយពេលម៉ោងសំរាក បើពួកគេចង់ជជែកគ្នា ។
ប៉ុន្តែលោករដ្ឋមន្រ្តី លោក ហង់ ជួនណារ៉ុន មានប្រសាសន៍ថា «សិស្សមិនអាចជជែកគ្នាបានទេ អំពីរឿងនយោបាយនៅក្នុងសាលារៀន ពីព្រោះច្បាប់បានហាមឃាត់ ហើយកន្លែងសាលារៀន គឺជាកន្លែងអព្យាក្រឹត ដូច្នេះបើចង់ឲ្យសិស្សជជែកគ្នា អំពីរឿងបាយបាននៅក្នុងសាលារៀន គឺត្រូវវិសោធនកម្មច្បាប់ហាមឃាត់នោះ ចោលជាមុនសិន» ។
ជាមួយគ្នានេះ ពាក់ព័ន្ធបញ្ហាគ្រឿងញៀនវិញ រដ្ឋមន្ត្រីក្រសួងអប់រំ លើកឡើងដែរថា “សាលារៀនគ្មានលុយ ដើម្បីពិនិត្យទឹកនោម ស្វែងរកសារធាតុញៀនក្នុងខ្លួនសិស្សទេ ហើយបើចង់ គឺត្រូវបង្កើតច្បាប់ ដើម្បីពិនិត្យទឹកនោមសិស្ស ក្នុងការស្វែងរកសារធាតុញៀន។ រដ្ឋមន្ដ្រី អះអាងថា បើពិនិត្យទឹកនោមរបស់សិស្ស ដើម្បីស្វែងរកសារធាតុញៀន គឺប៉ះពាល់សិទ្ធិរបស់សិស្ស” ។
ឆ្លៀតឱកាសនោះដែរ លោក ពេជ្រ ស្រស់ ស្នើឲ្យក្រសួងអប់រំ ដំឡើងប្រាក់ខែលោកគ្រូ-អ្នកគ្រូ យ៉ាងតិចត្រឹម២លានរៀលក្នុង១ខែ ដើម្បីលុបបំបាត់ការយកថវិកា ពីកូនសិស្សមិនសមហេតុផល នៅបណ្តាសាលារៀនមួយចំនួន ។
ជាការឆ្លើយតប រដ្ឋមន្ដ្រីក្រសួងអប់រំលើកឡើងថា ការតម្លើងប្រាក់ខែលោកគ្រូ-អ្នកគ្រូ គឺមិនអាចធ្វើបាននោះទេ ដោយសាររដ្ឋាភិបាលគ្មានលុយ ៕ ដោយ៖ អេង ប៊ូឆេង