បន្ទាយមានជ័យ៖ នាយឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ អាជ្ញាធរជាតិប្រឆាំងគ្រោះមហន្តរាយ នៅរសៀលថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បាននាំយកអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត នូវថវិកា១០០លានរៀល និង មី២ម៉ឺនកេស មកប្រគល់ជូនអាជ្ញាធរ ខេត្តបន្ទាយមានជ័យ ដើម្បីចែកដល់កង់កម្លាំងប្រដាប់អាវុធ និងក្រុមសង្គ្រោះដែលកំពុង បំពេញបេសកកម្មចុះជួយ ពលរដ្ឋពីទឹកជំនន់ និងប្រជាពលរដ្ឋដែល រងគ្រោះដោយទឹកជំនន់។
ពិធីប្រគល់ទទួលអំណោយនេះ ត្រូវបានធ្វើឡើងនៅសាលាខេត្តបន្ទាយមានជ័យ ក្រោមធិបតីភាពនាយឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះ មហន្តរាយលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដំណើរដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និងលោក លោកស្រី មកពីបណ្ដាអង្គភាព មន្ទីរ ស្ថាប័ន កម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់។
ឆ្លៀតក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ គ្រប់ពេលវេលានិងគ្រប់ការលំបាក ជាក់ស្ដែងចំពោះមុខប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តបន្ទាយមានជ័យ។
សូមរំលឹកថា ខេត្តបន្ទាយមានជ័យ បាននិងកំពុងរងការជន់លិចយ៉ាងធ្ងន់ធ្ងរ ដោយសារជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់មកពីប្រទេសថៃ។ ទឹកជំនន់នេះ បានធ្វើឱ្យប៉ះពាល់ ៦ក្រុង-ស្រុក ស្មើ ៣៨ឃុំ-សង្កាត់ និងប៉ះពាល់ប្រជាជនប្រមាណ ១៨,៧១៥គ្រួសារ និងជម្លៀសទៅទួលសុវត្ថិភាពប្រមាណ ១,១៥០គ្រួសារ៕