ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានឲ្យដឹងថា កងយោធពលខេមរភូមិន្ទ មិនត្រឹមតែដើរតួនាទី ស្វែងរកសន្តិភាពប៉ុណ្ណោះទេ ថែមទាំងចូលរួមយ៉ាងសកម្ម ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងគ្រាអាសន្ននានា។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ សម្ដេច ទៀ បាញ់ បានថ្លែងថា «កងយោធពលខេមរភូមិន្ទ មិនត្រឹមតែបានដើរតួនាទីចម្បង ក្នុងការស្វែងរក និង បន្តថែរក្សាសន្តិភាព ដែលយើងទទួលបានយ៉ាង លំបាកប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្ម ក្នុងការសង្គ្រោះ បងប្អូន ប្រជាពលរដ្ឋយើង ក្នុងគ្រាអាសន្ននានា»។
សម្ដេចបញ្ជាក់ថា ជាក់ស្ដែង កងទ័ព បានចូលរួមជា កម្លាំងស្នូល និងព្យាយាមអស់កម្លាំងកាយចិត្ត ដើម្បីសង្គ្រោះប្រជាជន ពីគ្រោះទឹកជំនន់ កាលពីពេលថ្មីៗកន្លងទៅ។
សូមរំលឹកថា កងយោធពលខេមរភូមិ បានចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ។ ជាងនេះទៅទៀត កងយោធពលខេមរភូមិ បានត្រៀមអន្តរាគមន៍ រួចជាសម្រេច គ្រប់បណ្តាគោលដៅឈរជើង ដើម្បីជួយសង្គ្រោះ ពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយធម្មជាតិ ៕