ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្រារព្ធធ្វើសមយុទ្ធ តាមព្រំដែន ស្របពេលមាន ចំណងមិត្តភាព តានតឹងជាមួយ អាស៊ែបៃហ្សង់

បរទេស៖ប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមធ្វើសមយុទ្ធយោធា នៅជិតព្រំដែនខ្លួនជាប់នឹងប្រទេសអាស៊ែបៃហ្សង់ នៅថ្ងៃសុក្រម្សិលមិញនេះ ស្របពេលមានភាពតានតឹងកើនឡើង រវាងប្រទេសទាំងពីរ ជុំវិញបញ្ហានានា រួមមានទាំងចំណងមិត្តភាព អាស៊ែបៃហ្សង់ជាមួយអ៊ីស្រាអែល។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសអ៊ីរ៉ង់ បាននិយាយថា សមយុទ្ធយោធានោះ មានការចូលរួមដោយអង្គភាពរថពាសដែក និងអង្គភាពកាំភ្លើងធំ ក៏ដូចជាកូនដ្រូននិងឧទ្ធម្ភាគចក្រ ដោយចាប់ផ្តើមធ្វើឡើងនៅជិតច្រកព្រំដែន Poldasht និងច្រកព្រំដែន Jolfa ជាប់អាស៊ែបៃហ្សង់។

ក្រោយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev បានបង្ហាញការភ្ញាក់ផ្អើលចំពោះសមយុទ្ធដែលគ្រោងទុកនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian បានមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថា ការធ្វើសមយុទ្ធយោធាដោយរដ្ឋមួយ ស្ថិតក្នុងទឹកដីខ្លួននោះ គឺជាផ្នែកនៃអធិបតេយ្យជាតិ។

គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ បានធ្វើការរិះគន់ជាយូរមកហើយ ចំពោះចំណងមិត្តភាពយោធាអាស៊ែបៃហ្សង់ ជាមួយប្រទេសអ៊ីស្រាអែល ដែលរួមមានទាំងការទិញអាវុធពីអ៊ីស្រាអែល ហើយទីក្រុងតេអេរ៉ង់ ក៏មានការប្រុងប្រយ័ត្ន ចំពោះអ្នកជាតិនិយមក្នុងប្រទេសតួកគីនិងអាស៊ែបៃហ្សង់ ជំរុញឲ្យមាននិន្នាការផ្តាច់ខ្លួន នៅក្នុងចំណោមជនជាតិភាគតិចអាស៊ែបៃហ្សង់នៅអ៊ីរ៉ង់៕ ប្រែសម្រួលដោយ៖​ ប៉ាង កុង

To Top