ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល សារព័ត៌មានដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន បានលើកឡើងថា ការអនុម័តច្បាប់ របស់សភាអាមេរិក គ្រាន់តែបោកសន្លឹកឆ្នោត និងឱ្យខ្មែរដែលជឿស៊ុប ជួបហានិភ័យ។
ការលើកឡើងរបស់លោក សយ សុភាព បែបនេះបន្ទាប់ពី សភាអាមេរិក បានអនុម័តច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា Cambodia Democracy Act ឆ្នាំ២០២១ ឬហៅកាត់ថា H.R.4686 ត្រូវការសំឡេងគាំទ្រពីសមាជិកសភាអាមេរិកត្រឹមតែ ២១៨សំឡេងប៉ុណ្ណោះនៃសមាជិកសភា ៤៣៥រូប ប៉ុន្តែការអនុម័តគាំទ្រច្បាប់នេះបានកើនឡើងដល់ទៅ ២ភាគ៣ ដូច្នេះច្បាប់នេះនឹងត្រូវបញ្ជូន ទៅព្រឹទ្ធសភាអាមេរិកបន្តទៀត។
ច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា Cambodia Democracy Act ឆ្នាំ២០២១ នេះ ត្រូវបានផ្ដួចផ្ដើមឡើងដោយតំណាងរាស្ត្រសហរដ្ឋអាមេរិកមកពីគណបក្សសាធារណរដ្ឋប្រចាំរដ្ឋអូហៃយូ (Ohio) លោក Steve Chabot និងលោក Alan Lowenthal សមាជិករដ្ឋសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋកាលីហ្វ័រញ៉ា ដែលមានការគាំទ្រជាឯកច្ឆន្ទដោយប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក លោក Gregory Meek កាលពីចុងខែកក្កដា ឆ្នាំ២០២១ កន្លងទៅ។
នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១នេះ លោក សយ សុភាព បានលើកឡើងថា «របៀបបោកសន្លឹកឆ្នោត និងឱ្យខ្មែរដែលជឿស៊ុប ជួបហានិភ័យ នេះគ្រាន់តែ ជាស្ករគ្រាប់មួយ គ្រាប់ឱ្យលោក សម រង្ស៊ី មានទឹកមាត់ បន្តឃោសនា ប្រាប់អ្នកគាំទ្រ នៅអាមេរិក( ក្រៅប្រទេស) និង អាចរងគ្រោះ អតីតសកម្មជនប្រសិន បើពួកគេយល់មិនច្បាស់។ កុំសង្ឃឹមថា វានឹងទៅជាច្បាប់»។
លោក សយ សុភាព បន្តថា «នេះជាយុទ្ធវិធីសំឡុត រដ្ឋាភិបាលភ្នំពេញ ឱ្យព្រមសម្រួលនូវ សំណើរអ្វីមួយ របស់ខ្លួនតែប៉ុណ្ណោះ។ តែមិនអាចបង្ខំឱ្យ រដ្ឋាភិបាលភ្នំពេញ ថាត្រូវតែទទួលនោះទេ។ មិនមែន សម័យប្រជុំពិគ្រោះយោបល់(CG)។
ជាភូមិសាស្ត្រនយោបាយ អាមេរិកនៅតែរករឿងខ្មែរ គ្មានទីបញ្ចប់ រឿងមានទំនាក់ទំនង ជាមួយចិន»។
លោកបន្ថែមថា «ប្រជាធិបតេយ្យ គ្រាន់តែជាលេស ឬច្រកដែលអាមេរិក និង សម្ព័ន្ធមិត្តលូកដៃចូលជៀតជ្រែក ខ្មែរតែប៉ុណ្ណោះព្រោះខឹងខ្មែរ លំអៀង ទៅរកចិន(ប្រ៊ី)។ ជាសរុបអ្នកដើរតាមអាមេរិក និងសម្ព័ន្ធមិត្ត បើមិនជាប់គុក ស្លាប់ និង រត់ចោលស្រុក។ តែអ្នកដឹងភូមិសាស្ត្រនយោបាយ ចុងក្រោយ ពួកគេ សរសេរ លិតសុំទោស និង សុំចូលរួមកសាងជាតិ…»៕