ភ្នំពេញ៖ អភិបាលខេត្តស្ទឹងត្រែងថ្មី លោក ស្វាយ សំអ៊ាង បានប្ដេជ្ញាចិត្តទប់ស្កាត់បទល្មើសនានា ជាពិសេស បទល្មើសធនធានធម្មជាតិ គ្រឿងញៀន និងអាវុធជាតិផ្ទុះខុសច្បាប់ ក្នុងស្មារតីកិច្ចសហប្រតិបត្តិការល្អជាមួយខេត្តជាប់ ព្រំដែន។
ក្នុងពិធីប្រកាសមុខតំណែង អភិបាលខេត្តស្ទឹងត្រែងថ្មី ក្រោមអធិបតីភាព សម្ដេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ លោក ស្វាយ សំអ៊ាង ក៏បានប្តេជ្ញាទប់ស្កាត់ និងលុបបំបាត់រាល់ បាតុភាពអសកម្មនានា ដែលធ្វើឱ្យប៉ះពាល់ ឬបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់ដោះស្រាយ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ កាត់បន្ថយអំពើរំលោភអំណោច និងអយុត្តិធម៌សង្គម ដោយប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ របស់សម្តេចតេជោ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។
លោក បានបញ្ជាក់ថា «ជំរុញការអនុវត្តគោល នយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ខិតខំទប់ ស្កាត់បទល្មើសនានា ជាពិសស បទល្មើសធនធានធម្មជាតិ បទល្មើសគ្រឿងញៀន និងអាវុធជាតិផ្ទុះខុសច្បាប់ ក្នុងស្មារតីកិច្ចសហប្រតិបត្តិការល្អ ជាមួយខេត្តជាប់ ព្រំដែន»។
ជាងនេះទៅទៀត អភិបាលខេត្តស្ទឹងត្រែងថ្មី ក៏បានប្ដេជ្ញាទំនាក់ទំនង និងសហប្រតិបត្តិការល្អ ជាមួយបញ្ជាការដ្ឋានយោធភូមិភាគ១ និងបណ្តាកងឯកភាពដែលឈរជើង ការពារនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ឲ្យបានល្អប្រសើរ៕