ព័ត៌មានអន្តរជាតិ

ក្រោយក្រុងព្យុងយ៉ាង បាញ់មីស៊ីលផ្លោងហូរហែរ អាមេរិក យល់ព្រមចូលតុចរចា ជាមួយកូរ៉េខាងជើង ប៉ុន្តែមិនដាក់លក្ខខណ្ឌជាមុន

បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទថា រដ្ឋបាលលោក Biden បានត្រៀមខ្លួន ដើម្បីចាប់ផ្តើមកិច្ចពិភាក្សា ជាមួយប្រទេសកូរ៉េខាងជើង ដោយគ្មានដាក់លក្ខខណ្ឌជាមុន ដែលជាការផ្លាស់ប្តូរវិធីសាស្រ្ត យ៉ាងខ្លាំងមួយពីការលើកឡើង របស់ប្រធានាធិបតីអាមេរិកលោក Joe Biden ក្នុងពេលឃោសនាបោះឆ្នោតរបស់លោក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Price ថា « យើងកំពុងសម្របសំរួលយ៉ាងជិតស្និទ្ធ ជាមួយសម្ព័ន្ធមិត្ត រួមទាំងនៅឥណ្ឌូ-ប៉ាស៊ីហ្វិក … យើងក៏ត្រៀមខ្លួនជួបជាមួយកូរ៉េខាងជើង ដោយគ្មានលក្ខខណ្ឌជាមុន» ។

ការអត្ថាធិប្បាយរបស់អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិករូបនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុនលោក Fumio Kishida បាននិយាយដូចគ្នា។ វាក៏កើតឡើងចំពេលមានទំនាក់ទំនងថ្មីរវាងកូរ៉េខាងជើង និង ប្រទេសកូរ៉េខាងត្បូង ដែលបានបើកបណ្តាញទូរស័ព្ទបន្ទាន់អន្តរកូរ៉េរបស់ពួកគេ សម្រាប់ការទំនាក់ទំនងជាលើកដំបូង ក្នុងរយៈពេលពីរខែ ហើយបានធ្វើឱ្យមានការពិភាក្សាអំពីការប្រកាសបញ្ចប់សង្គ្រាម ដែលបានចាប់ផ្តើមនៅឆ្នាំ ១៩៥០ និងតាមបច្ចេកទេសមិនដែលបញ្ចប់ឡើយ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top