ភ្នំពេញ ៖ តាមការបូកសរុបរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍ រាជធានី-ខេត្ត បានឲ្យដឹងថា នាថ្ងៃឈប់សម្រាកទី២ នៃពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវទេសចរចេញដើរទស្សនាកម្សាន្ត ចំនួន២៧១,៤២៨ នាក់ ក្នុងនោះ មានភ្ញៀវជាតិ ២៦៩,៥១៣ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,៩១៥ នាក់។
បើគិតរយៈពេល ២ថ្ងៃវិញ ថ្ងៃទី៥-៦ តុលា សរុបភ្ញៀវទេសចរណ៍ ចំនួន ៤២០,៤៤១ នាក់។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា តួលេខនេះមានការកើនឡើងប្រមាណ ៨២.១៥% ធៀបនឹងថ្ងៃទី១ ។ ចរន្តភ្ញៀវនាថ្ងៃភ្ជុំបិណ្ឌនេះមានសន្ទុះខ្លាំង ដោយគោលដៅទេសចរណ៍ទូទាំងប្រទេស បានទទួលស្វាគមន៍ភ្ញៀវទេសចរផ្ទៃក្នុងយ៉ាងផុសផុល ពិសេសតំបន់ឆ្នេរសមុទ្រ មានខេត្តកំពត កែប និងខេត្តព្រះសីហនុ និងភាគពាយព្យ និងភាគខាងជើង មានដូចជាខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប រួមជាមួយខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាមជាដើម (លើកលែងតែខេត្តកំពង់ឆ្នាំងដែលបន្តផ្អាកដំណើរការរមណីយដ្ឋាន)។
ទន្ទឹមនឹងចរន្តភ្ញៀវទេសចរទូទាំងប្រទេស គោលដៅទេសចរណ៍មួយចំនួនតូចមានការកកកុញភ្ញៀវទេសចរច្រើន ដូចជារមណីយដ្ឋានអន្លង់ជ្រៃ ក្នុងស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដែលបានទទួលហួសសមត្ថភាពផ្ទុកអតិបរមា និងខុសពីវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP)។
ករណីយនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ មន្ទីរទេសចរណ៍ រដ្ឋបាលស្រុកពញ្ញាក្រែក បានសម្រេចនាល្ងាចថ្ងៃពុធនេះផ្អាករមណីយដ្ឋានអន្លង់ជ្រៃនេះជាបណ្តោះអាសន្នសិន រង់ចាំការរៀបចំគ្រប់គ្រងឲ្យបានល្អប្រសើរឡើងវិញសិន។
ចំពោះគោលដៅផ្សេងៗ ដូចជាឆ្នេរខ្សាច់កម្សាន្តនៅខេត្តកែប និងបណ្តាខេត្តនានា រដ្ឋបាលខេត្ត មន្ទីរទេសចរណ៍ ក៏បានកំពុងខិតខំប្រឹងប្រែងអប់រំណែនាំដល់ភ្ញៀវទេសចរ និងអាជីវករ ឲ្យចូលរួមអនុវត្តវិធាការ «៣កុំ និង ៣ ការពារ» និងវិធានសុវត្ថិភាពទេសចរណ៍ និង SOP និងបញ្ជៀសការជួបជុំទ្រង់ទ្រាយធំកកកុញមនុស្សច្រើន៕