ព័ត៌មានអន្តរជាតិ

រឿងចម្រូងចម្រាស់ ទិញនាវាមុជទឹក៖ បារាំង នឹងបញ្ជូន ឯកអគ្គរដ្ឋទូតរបស់ខ្លួន ត្រឡប់ ទៅប្រទេសអូស្ត្រាលីវិញ

បរទេស៖ ប្រទេសបារាំង នឹងបញ្ជូនឯកអគ្គរដ្ឋទូតរបស់ខ្លួនត្រលប់ទៅប្រទេសអូស្ត្រាលីវិញ ដើម្បីកំណត់ទំនាក់ទំនងឡើងវិញ បន្ទាប់ពីរដ្ឋាភិបាល ទីក្រុងកង់បេរ៉ា បានបដិសេធកិច្ចព្រមព្រៀងទិញ នាវាមុជទឹករបស់បារាំង ហើយបានបង្កឱ្យមានជម្លោះជាបន្តបន្ទាប់។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីខែមុន ប្រទេសអូស្ត្រាលីបានបង្កើតកិច្ចព្រមព្រៀងសន្តិសុខ Aukus ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ក្នុងគោលបំណងរក្សាឥទ្ធិពលលោកខាងលិច នៅអាស៊ីប៉ាស៊ីហ្វិក។

ការបង្កើតនោះបានធ្វើឱ្យអូស្ត្រាលី បញ្ចប់កិច្ចព្រមព្រៀងដែលមានទំហំទឹកប្រាក់ចំនួន ៦៥ ពាន់លានដុល្លារ (៤៨ ពាន់លានផោន) ជាមួយប្រទេសបារាំង ដើម្បីជំនួសឱ្យបច្ចេកវិទ្យានាវាមុជទឹក ដើរដោយថាមពល នុយក្លេអ៊ែររបស់អាមេរិក។

ក្រោយមក រដ្ឋាភិបាលទីក្រុងប៉ារីសបានហៅកិច្ចព្រមព្រៀងនេះថា “ ជាកិច្ចព្រមព្រៀងនាំទុក្ខ” ។ ភ្លាមៗបន្ទាប់ពីការប្រកាសដ៏ភ្ញាក់ផ្អើលនេះ ប្រទេសបារាំង បានហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនមកពីទីក្រុងកង់បេរ៉ា និងវ៉ាស៊ីនតោនឌីស៊ី ដើម្បីជាការតវ៉ា។

ប៉ុន្តែយ៉ាងណាក៏ដោយ ខណៈដែលខ្លួនបានព្យាយាមដោះស្រាយការប្រេះឆា ជាមួយអាមេរិក ប្រទេសបារាំងក៏បានបន្តចងសត្រូវជាមួយអូស្ត្រាលី៕ ប្រែសម្រួលៈ ណៃ តុលា

To Top