បរទេស៖អង្គចៅក្រមនៅក្នុងទីក្រុងញូយ៉ក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានធ្វើការចោទប្រកាន់អតីតមេបញ្ជាការពួកតាលីបង់មួយរូប ពីបទជាប់ពាក់ព័ន្ធក្នុងការសម្លាប់ទាហានអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបាញ់ទម្លាក់ឧទ្ធម្ភាគចក្រយោធាសហរដ្ឋអាមេរិក។
តាមសេចក្តីរាយការណ៍ អង្គចៅក្រម បានបើកសវនាការលើបណ្ដឹង ដែលចោទប្រកាន់លោក Haji Najibullah វ័យ៤៥ឆ្នាំ ដែលជាប់ចោទពាក់ព័ន្ធនឹងអំពើភេរវកម្មចំនួន១៣ករណី រួមមានទាំងការសម្លាប់ ការសម្លាប់ដោយចេតនា ការកម្ទេចយន្តហោះយោធាអាមេរិក ចាប់ចំណាប់ខ្មាំង និងចាប់ជំរិត។
គួរបញ្ជាក់ថា លោក Haji Najibullah កាលពីមុន ធ្លាប់ត្រូវគេចោទប្រកាន់ពីបទពាក់ព័ន្ធនឹងការចាប់ខ្លួនអ្នកកាសែតអាមេរិកមួយរូប កាលពីខែវិច្ឆិកា ឆ្នាំ២០១៨។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បាននិយាយថា លោក Haji Najibullah បានធ្វើជាមេបញ្ជាការពួកតាលីបង់ ពីឆ្នាំ២០០៧ និងបានគ្រប់គ្រងលើកងកម្លាំងប្រយុទ្ធជាង១ពាន់នាក់ ដែលបានវាយប្រហារនិងសម្លាប់កងទ័ពអាមេរិកនិងណាតូ ក៏ដូចជាសម្ពន្ធមិត្តអាហ្វហ្គានីស្ថាន ដោយប្រើប្រាស់អាវុធស្វ័យប្រវត្តិ គ្រាប់បែកបង្កប់ គ្រាប់បែកដៃ និងអាវុធប្រឆាំងរថក្រោះផ្សេងៗទៀត។ ចំនួន១០ករណី ក្នុងចំណោមបទជាប់ចោទទាំង១៣នោះ អាចនឹងត្រូវពិន័យដោយកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត៕ប្រែសម្រួល៖ប៉ាង កុង