ព័ត៌មានជាតិ

អភិបាលខេត្តរតនគិរីថ្មី ប្ដេជ្ញាទប់ស្កាត់បទល្មើស ធនធានធម្មជាតិ គ្រឿងញៀន និងអាវុធជាតិផ្ទុះ

ភ្នំពេញ ៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីថ្មី បានប្ដេជ្ញាទប់ស្កាត់បទល្មើសនានា ជាពិសេស បទល្មើសធនធានធម្មជាតិ គ្រឿងញៀន និងអាវុធជាតិផ្ទុះខុសច្បាប់ ក្នុងស្មារតីកិច្ចសហប្រតិបត្តិការល្អ ជាមួយខេត្តជាប់ព្រំដែន។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តរតនគិរីថ្មី ក្រោមអធិបតីភាព សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តរតនគិរី លោក ញ៉ែម សំអឿន បានប្ដេជ្ញាទប់ស្កាត់ និងលុបបំបាត់ រាល់បាតុភាពអសកម្មនានា ដែលធ្វើឲ្យប៉ះពាល់ ឬបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់ដោះស្រាយ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ កាត់បន្ថយអំពើ រំលោភអំណោច និងអយុត្តិធម៌សង្គម ដោយប្រកាន់ខ្ជាប់ នូវអភិក្រមទាំង៥របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។

លោកបញ្ជាក់ថា «ជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពឲ្យកាន់តែ មានប្រសិទ្ធភាពខ្ពស់ ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងខិតខំទប់ស្កាត់បទល្មើសនានា ជាពិសេស បទល្មើសធនធានធម្មជាតិ បទល្មើសគ្រឿងញៀន និងអាវុធជាតិផ្ទុះខុសច្បាប់ក្នុង ស្មារតីកិច្ចសហប្រតិបត្តិការល្អ ជាមួយខេត្តជាប់ព្រំដែន»។

លោកបន្ថែមថា ពិសេសបន្តពង្រឹងទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ជាមួយខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម-ឡាវ ក្នុងភាពជាមិត្តជិតខាងភូមិផង របងជាមួយគ្នា និងក្នុងក្របខណ្ឌតំបន់ត្រីកោណ អភិវឌ្ឍ (CLV)៕

To Top