ភ្នំពេញ: កាលពីព្រឹកថៃ្ងទី ១២ ខែ តុលា ឆ្នាំ ២០២១ តុលាការកំពូល បានជំនុំជម្រះបណ្តឹងសារទុក្ខរបស់ស្រ្តីម្នាក់ ដែលតុលាការដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០១៧ បានផ្តន្ទារទោស ឲ្យដាក់ពន្ធនាគារ កំណត់ អស់មួយជិវិត ជាប់ពាក់ព័ន្ធករណី ( ផ្តើមគំនិតក្នុងអំពើ ឃាតកម្មគិតទុកជាមុន ) ។
សវនាការនេះ ដឹកនាំដោយលោកនិន ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ និង មានលោកអ៊ុក គឹមសិទ្ធិ ជាតំណាងមហាអយ្យការអមតុលាការកំពូល។
លោកសេង នាង ជាចៅក្រមរបាយការណ៍ បានអានសំណុំរឿងក្តីនេះថា ជនជាប់ចោទ មានឈ្មោះ សុខ គីមលី ភេទ ស្រី អាយុ ៤៥ ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនជាប់ចោទ ឈ្មោះ សុខ គីមលី ត្រូវបានតុលាការខេត្តដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃ ១៥ ខែកញ្ញា ឆ្នាំ ២០១៧ កាត់ទោស ដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត ពីបទ ផ្តើមគំនិតឃាតកម្ម គិតទុកជាមុន ប្រព្រឹត្តនៅក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ តាមបញ្ញត្តិមាត្រា ២៧ និង ២០០ នៃ ក្រមព្រហ្មទណ្ឌ ។
តែសុខ គីមលី បានប្តឹងជំទាស់នឹងសេចក្តីសម្រេច របស់តុលាការដំបូងរាជធានីភ្នំពេញ មកកាន់សាលាឧទ្ទរណ៍រាជធានីភ្នំពេញ។
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០២០ បានតម្កល់សាលក្រមរបស់តុលាការដំបូងរាជធានីភ្នំពេញ អោយនៅដដែល។
ជនជាប់ចោទ សុខ គីមលី បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត ដើម្បីសអោយតុលាការកំពូល បន្ថយទោស។
នៅក្នុងសវនាការ ជនជាប់ចោទ សុខ គីមលី បានសារភាព អំពើកំហុស និងបានសំណូមពរ ឲ្យតុលាការកំពូល ជួយបន្ថូបន្ថយទោស ដល់រូបខ្លួនផង ព្រោះគ្មានចេតនា ឬ ផែនការនឹងសម្លាប់ ជនរងគ្រោះនោះទេ ។ គឺគាត់គ្រាន់តែ គម្រាមតែប៉ុណ្ណេះ អោយឈប់ដើរលេងយប់ និងមានស្រីខាងក្រៅ។
សុខ គីមលី និយាយថា គាត់បង្គាប់អោយ គូកនសម្លាប់ ឬ យកគ្រាប់បែកបំផ្ទុះ ដើម្បីសម្លាប់ជនរងគ្រោះ ជាគូរស្នេហ៍នោះទេ។
គួរបញ្ជាក់ថា ឈ្មោះ សុខ គីមលី ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីគាត់បានជួលគូកន ចំនួន៥នាក់ សម្លាប់ ទៅលើ ជនរងគ្រោះ ឈ្មោះ គី លីហួរ ភេទប្រុស ដែលត្រូវជាគូស្នេហ៍របស់គាត់ ដោយសារតែក្តីស្នេហាប្រចណ្ឌ័ លើសលុប ចំពោះជនរងគ្រោះ ៕
សំណុំរឿងក្តីនេះ តុលាការកំពូល បានលើកពេលប្រកាសសាលដីកា ទៅធ្វើនៅថ្ងៃ ទី១៩ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ៕
ដោយ រស្មី អាកាស