ភ្នំពេញ៖ លោកយាយ មាជ ម៉ារ៉ាឌី វ័យជាង៧០ឆ្នាំ ត្រូវជាម្តាយកំសត់របស់លោក មាជ សុវណ្ណារ៉ា អតីតមន្រ្តីជាន់ខ្ពស់បក្សប្រឆាំង ត្រូវបានក្រុមចោរស្រីដាក់ថ្នាំសណ្តំ លួចយកទ្រព្យសម្បត្តិដែលមានជាប់ខ្លួន បន្តិចបន្តួចគ្រាន់ចិញ្ចឹមជីវិត។
ករណីក្រុមចោរស្រីដាក់ថ្នាំសណ្តំ ប្លន់យកទ្រព្យម្តាយកំសត់ជរារបស់លោក មាជ សុវណ្ណារ៉ា បានធ្វើឡើងនៅផ្ទះរបស់លោកយាយ ក្នុងភូមិអូរតាម៉ា ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ អំឡុងម៉ោងប្រហែល ២រសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ។
យោងតាមគេហទំព័រ ហ្វេសប៊ុករបស់លោក មាជ សុវណ្ណារ៉ា បានឲ្យដឹងថា ក្នុងអំឡុងពេលម៉ោងប្រហែល ២រសៀលនោះ គឺមានមនុស្សស្រីពីរនាក់បានមកស្រែក ហៅលោកយាយ មាជ ម៉ារ៉ាឌី ដោយសុំទិញបន្លែ នៅខាងក្រោយផ្ទះរបស់គាត់ ដែលបានណាំបន្តិចបន្តួច គ្រាន់បេះលក់ចិញ្ចឹមជីវិត។
ប្រភពខាងលើបានប្រាប់ឲ្យដឹងទៀតថា ក្នុងពេលនោះ ចោរស្រីទាំងពីរនាក់ធ្វើអាកប្បកិរិយា ដូចជាស្គាល់លោកយាយ មាជ ម៉ារ៉ាឌី ខ្លាំងណាស់ ហើយពួកគេបានមកឱបលោកយាយ មាជ ម៉ារ៉ាឌី ថាពួកគេនឹកលោកយាយខ្លាំងណាស់ ដែលពេលនោះហើយ លោកយាយ មាជ ម៉ារ៉ាឌី បានវង្វេងវង្វាន់បាត់ស្មារតី ហើយក្រុមចោរស្រីនោះ ក៏បានប្រមូលយកទ្រព្យលោកយាយ ដែលនៅជាប់និងខ្លួន រួមមាន៖ខ្សែកខ្សែដៃ ក្រវិល ទូរសព្ទ័ដៃមួយគ្រឿង និងលុយប្រហែលជាដប់ម៉ឺនរៀល បន្ទាប់មកក្រុមចោរស្រីនេះ បានបន្តឡើងទៅលើផ្ទះ រើកកាយគ្មានសល់ដើម្បី រករបស់មានតម្លៃបន្ថែម ៕