ហ្សាកាតា ៖ កោះបាលី ដែលជារមណីយដ្ឋានរបស់ឥណ្ឌូនេស៊ី កំពុងរង់ចាំភ្ញៀវទេសចរអន្តរជាតិ ដោយក្តីរីករាយ ព្រោះវានឹងបើកដំណើរ ការឡើងវិញ នៅថ្ងៃព្រហស្បតិ៍នេះហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។
ប្រធានសមាគមសណ្ឋាគារ និងភោជនីយដ្ឋានឥណ្ឌូនេស៊ីលោក ហារី យ៉ាឌីស៊ូកាដានី បានលើកឡើងថា មានបន្ទប់ចំនួន ៨,០០០ នៅក្នុងសណ្ឋាគារផ្កាយ ៣ ដល់ផ្កាយ ៥ ចំនួន ៣៥៥ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការដាក់ឲ្យនៅដាច់ដោយឡែក និងកន្លែងស្នាក់នៅនៅពេល ដែលភ្ញៀវទេសចរអន្តរជាតិ មកលេងកោះនេះ។
លោក ស៊ូកាដានី បានប្រាប់ស៊ីនហួ ឲ្យដឹងថា“ យើងបានរៀបចំរឿងនេះអស់រយៈពេល ១៩ ខែដោយប្រុងប្រយ័ត្ន។ យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍ភ្ញៀវអន្តរជាតិ” ។
លោកបានប៉ាន់ប្រមាណថា នៅដំណាក់កាលដំបូងមានតែ ២,០០០ បន្ទប់ប៉ុណ្ណោះ ដែលនឹងត្រូវប្រើ ប៉ុន្តែចំនួននេះនឹងកើនឡើង ប្រសិនបើមានភ្ញៀវមកច្រើន។
លោកស៊ូកាដានីបានបន្ដថា វិស័យទេសចរណ៍នៅកោះបាលី កំពុងមានសន្ទុះឡើងវិញ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយសារភ្ញៀវទេសចរ ក្នុងស្រុកកាន់តែច្រើនឡើងៗ ជាមួយនឹងអត្រាស្នាក់នៅ សណ្ឋាគារកើនឡើង ៣៥ ភាគរយ។
ការអភិវឌ្ឍន៍នេះបានកើតឡើង នៅពេលដែលករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ប្រចាំថ្ងៃរបស់ឥណ្ឌូនេស៊ី បានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ជាមួយនឹងការបន្ធូរបន្ថយ ការរឹតត្បិតការចល័ត សាធារណៈមជ្ឈមណ្ឌលទិញទំនិញ រោងភាពយន្តនិងភោជនីយដ្ឋានត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញ។ រដ្ឋាភិបាលក៏បានពន្លឿន កម្មវិធីចាក់វ៉ាក់សាំងផងដែរ ៕
ដោយ ឈូក បូរ៉ា