ព័ត៌មានជាតិ

ក្រុមចោរដេញវៃ យកម៉ូតូ នៅស្រុកអង្គស្នួល៧នាក់ ត្រូវតុលាការ ខេត្តកណ្តាល ឃុំខ្លួនដាក់ពន្ធនាគារ

កណ្តាល ៖ លោក ជួន វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី២៣ ខែធ្នូ បានចេញដីកាឃុំខ្លួន ក្រុមចោរវ័យក្មេង៧នាក់ ដែលតែងតែធ្វើសកម្មភាព ដេញស្ទាក់វៃយកម៉ូតូ តាមផ្លូវសាធារណៈ ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ “លួចមានទម្ងន់ទោស ដោយសារការប្រព្រឹត្តហិង្សា” តាមមាត្រា៣៥៣ និង មាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ ។

ក្រុមជនសង្ស័យបានប្រព្រឹត្ត បទល្មើសនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២៖៥០នាទី ។

នគរបាលស្រុកអង្គស្នួល បានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានទៅរាំនៅក្លឹបម្តុំផ្សារដីហ៊ុយ ហើយបានជួបនឹងជនសង្ស័យនៅក្នុងក្លឹបរាំនោះដែរ ។ លុះដល់ម៉ោងជាង១រំលងអាធ្រាត្រ ជនរងគ្រោះចេញមកផ្ទះវិញឃើញជនសង្ស័យនៅក្នុងក្លឹបនៅឡើយ។

លុះខ្លួនមកដល់ក្លោងទ្វារវត្តកោះអណ្តែត ស្រាប់ឃើញជនសង្ស័យមានគ្នាប្រហែល១០នាក់ជិះម៉ូតូចេញតាមពីក្រោយមានកាំបិតមានបំពង់ទីប ហើយខ្លួនបានជិះរត់ដល់ចំណុច កើតហេតុ ដោយដកយកសោម៉ូតូរត់គេច ទើបធ្វើជនសង្ស័យខឹងយកម៉ូតូមិនបាន ទើបកាប់និងវាយម៉ូតូរួចជិះគេចទៅបាត់តែម្តង។

តាមចម្លើយសារភាពរបស់ឈ្មោះតាល់ ច័ន្ទបញ្ញា បានសារភាពថា ខ្លួនជាអ្នកកាន់ដែកបំពង់ទីបវាយ ។ ចំណែក ឈ្មោះ បាន មករា ហៅប៊ែរ ជាអ្នកកាន់កាំបិតកាប់យកផ្លាកលេខម៉ូតូ ៕

To Top