ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា តួនាទីវិស័យដឹកជញ្ជូន គឺជំរុញកំណើនសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពក្រក្រី។
ក្នុងឱកាសចូលរួមសន្និសីទ ដឹកជញ្ជូនចីរភាពជាសកល នៃអង្គការសហប្រជាជាតិលើកទី២ តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា «តួនាទីវិស័យដឹកជញ្ជូន ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដើម្បីកាត់បន្ថយក្រក្រី គោលនយោបាយអាទិភាព នៃវិស័យហេដ្ឋា រចនាសម្ព័ន្ធ និងដឹកជញ្ជូន រួមមាន៖ ការស្តារវិស័យដឹកជញ្ជូន និងបណ្តាញដឹកជញ្ជូនពហុមធ្យោបាយ ដើម្បីតភ្ជាប់ផ្ទៃក្នុងប្រទេស និងអន្តរជាតិ, ការអភិវឌ្ឍប្រព័ន្ធភស្តុភារកម្មរស់រវើក ដើម្បីពង្រឹងការប្រកួតប្រជែង និងការធ្វើពិពិធកម្មសេដ្ឋកិច្ច, គោលនយោបាយបង្កើតការងារធ្វើ កាត់បន្ថយភាពក្រក្រីតាមរយៈការតភ្ជាប់ផ្លូវជនបទ ការពារបរិស្ថាន និងធ្វើប្រសើរឡើងដល់សុវត្ថិភាពចរាចរណ៍»។
ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ត្រី បានលើកឡើង អំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច សង្គមក្រោយវិបត្តិជំងឺកូវីដ-១៩ រួមមាន៖ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទទួលស្វាគមន៍ទេសចរណ៍ នៅពេលកម្ពុជាបើកប្រទេសឡើងវិញ ក្នុងពេលអនាគតដ៏ខ្លីខាងមុខ។
សូមរំលឹកថា តបតាមការអញ្ជើញរបស់លោក Li Xiaopeng រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូរបស់ក្រសួង ចូលរួមសន្និសីទដឹកជញ្ជូន ចីរភាពជាសកល នៃអង្គការសហប្រជាជាតិ លើកទី២ ដែលធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។ សន្និសីទនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាលើប្រធានបទមួយចំនួន រួមមាន៖ តួនាទីនៃការដឹកជញ្ជូនចីរភាពក្នុងការការលុបបំបាត់ភាពក្រីក្រ ការជំរុញសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ការតភ្ជាប់សកល ការអភិវឌ្ឍបៃតង ការអភិវឌ្ឍថ្នាក់តំបន់ នវានុវត្តន៍ និងទីក្រុងចីរភាព៕