ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន ព្រមានថា ខ្លួនមិនអាចទ្រាំ នឹងការបំពានរបស់អ៊ីស្រាអែល បានទៀតនោះទេ

រ៉ាម៉ាឡា៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ WAFA បានរាយការណ៍ថា ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាមូដ អាបាស បានព្រមានថា ស្ថានភាពនៅក្នុងទឹកដីប៉ាឡេស្ទីន មិនអាចទ្រាំទ្របាន ដោយសារតែការរំលោភបំពាន របស់អ៊ីស្រាអែល នេះបើយោងតាម ការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោកបានអំពាវនាវ ឱ្យសហរដ្ឋអាមេរិក ប្រែក្លាយពាក្យសម្តីរបស់ខ្លួនទៅលើបុព្វហេតុរបស់ប៉ាឡេស្ទីន ទៅជាសកម្មភាពហើយបានជំរុញឱ្យសហគមន៍អន្តរជាតិ ចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែល លើទឹកដីប៉ាឡេស្ទីន។

លោកអាបាស់បានលើកឡើងថា “ អ៊ីស្រាអែលគួរតែបញ្ឈប់រាល់វិធានការរបស់ខ្លួនប្រឆាំង នឹងប្រជាជនរបស់យើង នៅតំបន់វេសប៊ែង ហ្សេរុយសាឡឹមខាងកើត និងហ្គាហ្សាស្ទ្រីប” ហើយព្រមានថា ប្រសិនបើអ៊ីស្រាអែល បដិសេធដំណោះស្រាយរដ្ឋ ពីរនោះប៉ាឡេស្ទីន នឹងមានកាតព្វកិច្ចជ្រើសរើស ជម្រើសនយោបាយផ្សេងទៀត “។

កិច្ចចរចាសន្តិភាព ដោយផ្ទាល់រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលត្រូវបានឧបត្ថម្ភដោយ សហរដ្ឋអាមេរិក អស់រយៈពេល ៩ ខែបានបញ្ឈប់នៅឆ្នាំ ២០១៤ បន្ទាប់ពីមានការខ្វែងគំនិតគ្នា យ៉ាងជ្រាលជ្រៅលើការតាំងទីលំនៅ របស់អ៊ីស្រាអែល និងការទទួលស្គាល់ការបង្កើតរដ្ឋប៉ាឡេស្ទីន នៅព្រំដែនឆ្នាំ១៩៦៧៕

ដោយ ឈូក បូរ៉ា

To Top