ភ្នំពេញ៖ ជំនន់ទឹកភ្លៀង បានវាយប្រហារខេត្តរតនគិរី បណ្ដាលឱ្យស្រុក ដែលនៅតាមបណ្តោយ ទន្លេស្រែពក និងទន្លេសេសាន ចំនួន៥ស្រុក រងផលប៉ះពាល់រួមមានស្រុក លំផាត់ តាវែង អណ្តូងមាស កូនមុំ និងស្រុកអូរយ៉ាដាវ ហើយ ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ សរុបមានចំនួន២.០១១គ្រួសារ ក្នុងនោះអាជ្ញាធរបានជម្លៀស ប្រជាពលរដ្ឋប្រមាណ ៧៧គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាព។
យោងតាមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើង ពីរបាយការណ៍ របស់រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នេះ ដោយបង្ហាញថា ៖
-មានផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ៩៨២ខ្នង,សាលារៀនចំនួន ០៥ខ្នង,វត្តអារាមចំនួន ០៣កន្លែង,តូបលក់ឥវ៉ាន់ចំនួន ៧៥តូប,និងរោងជាងសិប្បកម្មផ្សេងៗចំនួន ១៣កន្លែងបានរងផលប៉ះពាល់ ។
-ផ្ទៃដីស្រែចំនួន ១.០៧៧ហិកតាបានលិចលុងធ្វើអោយប៉ះពាល់ស្រូវសន្ទូង១.២០៣ហិកតា។
-បានជម្លៀសសត្វពាហនៈទៅទីទួលសុវត្ថិភាពក្នុងនោះមានគោចំនួន ២៤៨ក្បាល,ជ្រូកចំនួន ១១៦ក្បាល,មាន់ទាចំនួន ១.០៦៥ក្បាល។
-លិចលុងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍រួមមាន ផ្លូវក្រាលគ្រួសក្រហមប្រវែង ១៥.៦០០ម៉ែត្រ,ស្ពានបេតុងចំនួន ១១កន្លែង, លូកាត់ផ្លូវចំនួន ១១កន្លែង និងខូចខាតចំនួន ០១កន្លែង,អណ្តូងស្នប់ចំនួន ៩៣អណ្តូង,អណ្តូងលូចំនួន ៣៦៨អណ្តូង,បង្គន់អនាម័យចំនួន ៤៨១បង្គន់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ ទឹក ទន្លេសេសាន ស្ថានីយកាចូនម៉ោង ១១:៣០នាទីព្រឹក ទឹកមានកំពស់៨.៣៧ម៉ែត្រ ទឹកស្រកចុះ០.៥០ម៉ែត្រ ខណៈចំណុចប្រកាសអាសន្ន៨.៥០ម៉ែត្រ។ ទឹកទន្លេស្រែពក ស្ថានីយលំផាត់វេលាម៉ោង ០១:០០នាទីថ្ងៃត្រង់ ទឹកមាន កំពស់ ១៣.៨១ម៉ែត្រ ទឹកឡើង ០.០១ម៉ែត្រ ខណៈចំណុចប្រកាសអាសន្ន ១២.៥០ម៉ែត្រ៕