ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក និងជប៉ុន ពិភាក្សាគ្នាតាមទូរស័ព្ទ លើបញ្ហាប្រទេសអ៊ីរ៉ង់

វ៉ាស៊ិនតោន:ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធទី២៣ ខែតុលានេះ បានឲ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃអង្គារម្សិលមិញនេះ ថាលោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានជួបពិភាក្សាគ្នាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi ជុំវិញបញ្ហាអ៊ីរ៉ង់។

អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយមិនបានផ្តល់ព័ត៌មានលម្អិតថា លោកPompeo និងសមភាគីជប៉ុន បានពិភាក្សាគ្នាអំពីការសម្របសម្រួល ជាពិសេសទៅលើបញ្ហា នៃប្រទេសអ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍បាននិយាយថា អ្នកទាំងពីរបានសន្យាថា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ តាមរយៈរបៀបវារៈទូលំទូលាយ នៃបញ្ហាសន្តិសុខ ក្នុងតំបន់និងពិភពលោក។

គួរឲ្យដឹងដែរថាអ្នកនាំពាក្យ លេខាធិការខុទ្ទកាល័យ រដ្ឋាភិបាលជប៉ុន លោក Yoshihide Suga កាលពីថ្ងៃសុក្រសប្តាហ៍មុនបានបង្ហាញថា ប្រទេសជប៉ុន បានសម្រេចចិត្តមិនចូលរួម ក្នុងសម្ព័ន្ធភាពដែនសមុទ្រ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីការពារនាវាពាណិជ្ជកម្ម នៅមជ្ឈឹមបូព៌ា ដោយនិយាយថា យើងបានសម្រេចចិត្តបន្តវិធានការផ្ទាល់ខ្លួន ដាច់ដោយឡែកពីបញ្ហានេះ៕
ប្រែសម្រួល:ស៊ុនលី

To Top