ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ និយាយថា នឹងបង្ហាញការប្តេជ្ញា ដ៏មុតមាំ ក្នុងកិច្ចការពារ ខ្លួនឯង

បរទេស ៖ ក្រោយប្រធានាធិបតី អាមេរិក លោក ចូ បៃដិន និយាយថា អាមេរិក នឹងចូលជួយការពារ តៃវ៉ាន់ ប្រសិនបើចាំបាច់នោះ ការិយាល័យប្រធានាធិបតី តៃវ៉ាន់ បាននិយាយនៅថ្ងៃសុក្រនេះថា គោលជំហររបស់តៃវ៉ាន់ គឺនៅតែដដែល គឺនឹងមិនចុះញ៉ម នឹងសម្ពាធ ឬក៏រុលទៅមុខនៅពេលទទួល បានការគាំទ្រនោះទេ ។

មន្ត្រីនាំពាក្យប្រធានាធិបតីតៃវ៉ាន់ លោក Xavier Chang បាននិយាយក្នុងសេចក្តីថ្លែង ការណ៍មួយ ឆ្លើយតបនឹងការថ្លែងរបស់លោក បៃដិន និងធ្វើការកត់សម្គាល់ ចំណាត់ការដ៏រឹងមាំបន្ត របស់រដ្ឋាបាល អាមេរិក បង្ហាញពីការគាំទ្រ មុតមាំចំពោះតៃវ៉ាន់ថា តៃវ៉ាន់នឹងបង្ហាញ ការប្តេជ្ញាយ៉ាងមុតមាំ ក្នុងកិច្ចការពារខ្លួនឯង ។

គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា សហរដ្ឋអាមេរិក នឹងការពារតៃវ៉ាន់ ប្រសិនបើកោះលទ្ធិប្រជាធិបតេយ្យនេះ រងការវាយប្រហារពីចិន ហើយនេះជាការប្រកាសមួយ ទទួលបានការសាទរពីទីក្រុងតៃប៉ិ តែបង្កឲ្យទីក្រុងប៉េកាំងខឹង ។

នៅសាល នៃទីភ្នាក់ងារសារព័ត៌មាន CNN លោក បៃដិន តាមសេចក្តីរាយការណ៍ ត្រូវបានគេចោទសួរថា តើអាមេរិកនឹង លូកដៃជួយតៃវ៉ាន់ទេ ប្រសិនបើចិន ឈ្លានពាននោះ លោកបានឆ្លើយតបថា “បាទ យើងមានការប្តេជ្ញាចិត្តបែបនោះ” ៕
ប្រែសម្រួល៖ប៉ាង កុង

To Top