រ៉ងហ្គូន ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅរាត្រីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ថា យោងតាមសចក្តីប្រកាសមួយ ចេញដោយក្រសួង សុខាភិបាល កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ ពីករណីថ្មីនៃជំងឺ កូវីដ-១៩ចំនួន ៦៨៧នាក់ ជាមួយគ្នានេះដែរ ការធ្វើតេស្តប្រចាំថ្ងៃ រកឃើញវិជ្ជមាន គឺមានអត្រា៤.៨៣ភាគរយ នៅក្នុងរយៈពេល ២៤ម៉ោង កន្លងទៅនេះ ។
សេចក្តីប្រកាសបានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ បានកើនឡើង ដល់៤៩៤.២៦៣នាក់ ទន្ទឹមនឹងនេះដែរ ការស្លាប់ ត្រូវបានកត់ត្រាចំនួន ១៨.៥៣៨នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀត ចំនួន២៧នាក់ ត្រូវបានរាយការណ៍ឲ្យដឹង ។
សរុបអ្នកជំងឺ៤៥៦.៧៨១នាក់ បានជាសះស្បើយពីជំងឺ គិតត្រឹមថ្ងៃអាទិត្យ និងវត្ថុវិភាគ៤.៧៣លាន បានធ្វើតេស្តរកមើល មេរោគបង្កជំងឺកូវីដ-១៩ ។
ប្រទេសមីយ៉ាន់ម៉ា បានរកឃើញករណីដំបូង ចំនួន២ករណីនៃជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៣ មីនា កាលពីឆ្នាំមុន ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា