បរទេស៖ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃចន្ទនេះថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ដែលក៏ជាទីប្រឹក្សារដ្ឋផងនោះ នឹងជួបគ្នាជាមួយគណៈប្រតិភូ នៃរដ្ឋាភិបាលអន្តរកាល អាហ្វហ្គានីស្ថាន នៅក្នុងអំឡុងដំណើរទស្សនកិច្ច របស់លោក ទៅកាន់ប្រទេសកាតា នៅថ្ងៃទី២៥និង២៦។
មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន ដែលថ្លែងនៅសន្និសីទកាសែតមួយ នៅក្នុងទីក្រុងប៉េកាំង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ភាគីទាំងពីរនឹងផ្លាស់ប្តូរមតិយោបល់គ្នា ស្តីពីស្ថានភាពក្នុងប្រទេសអាហ្វហ្គានីស្ថាន និងប្រធានបទនៃក្តីព្រួយបារម្ភរួម នេះបើយោងតាមសម្តី ។
លោកបានមានប្រសាសន៍ប្រាប់បន្តយ៉ាងដូច្នេះថា “ក្នុងនាមជាអ្នកជិតខាងនិងជាដៃគូមិត្តភាពជាយូររបស់អាហ្វហ្គានីស្ថាន ប្រទេសចិនតែងតែធ្វើការគាំទ្រដល់ការធ្វើកិច្ចពិភាក្សាគ្នានិងទំនាក់ទំនង ដើម្បីនាំឲ្យមានការវិវត្តទៅមុខប្រកបដោយភាពវិជ្ជមាននៃស្ថានភាពក្នុងប្រទេសអាហ្វហ្គានីស្ថាន”។
គួរបញ្ជាក់ថា កាលពីពាក់កណ្ដាលខែសីហា រដ្ឋាភិបាលនៃប្រទេសអាហ្វហ្គានីស្ថានបានដួលរលំ ស្របពេលដែលសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តដកកងទ័ពចេញ ក្រោយឈរជើងនៅក្នុងប្រទេសនេះអស់រយៈពេល២០ឆ្នាំ បណ្ដាលឲ្យពួកតាលីបង់ដណ្ដើមអំណាច ក្នុងដំណើរវាយលុកលឿនដូចផ្លេកបន្ទោរ៕
ប្រែសម្រួល៖ប៉ាង កុង