ព័ត៌មានជាតិ

អាមេរិក អបអរសាទរកម្ពុជាដែលចាក់វ៉ាក់សាំង ជូនពលរដ្ឋបានក្នុងកម្រិតខ្ពស់ ឈានដល់ការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ

ភ្នំពេញ៖ លោក ផាកទ្រីក ម៉ាហហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានធ្វើការ អបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនពលរដ្ឋបានក្នុងកម្រិតខ្ពស់ និងឈានដល់ការបើកដំណើរការសកម្មភាព សង្គមនិងសេដ្ឋកិច្ច ជាបណ្តើរៗឡើងវិញ។

ការឱ្យដឹងបែបនេះ ក្នុងឱកាស សម្តេច ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឱ្យលោកPatrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ ។

ក្នុងជំនួបនេះ សម្តេច ហេង សំរិន បានសម្តែងការកោតសរសើរលោកឯកអគ្គរដ្ឋទូត ដែលបានខិតខំប្រឹងប្រែង នៅក្នុងការបំពេញបេសកកម្មការទូត នៅកម្ពុជា ដែលក្នុងរយៈពេលជាងពីរឆ្នាំមកនេះ បានធ្វើឱ្យយកិច្ចសហប្រតិបត្តិការ ជាច្រើនវិស័យរវាងប្រទេសទាំងពីរ បានជំរុញ លើកកម្ពស់ និងមានការវិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់។

សម្តេចជឿជាក់ថា ទំនាក់ទំនង ប្រជាជនទំាងពីរប្រទេស ក៏ដូចជាកិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងអាមេរិក ដែលមានជាង៧០ឆ្នាំមកនេះ នឹងកាន់តែរីកលូតលាស់ ប្រកបដោយផ្លែផ្កាថែមទៀត។

ចំណែក លោក Patrick Murphy បាន អបអរសាទរដល់ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំចាក់វ៉ាក់សំាង ប្រឆាំងកូវីដ-១៩ ជូនពលរដ្ឋបានក្នុងកម្រិតខ្ពស់ និងឈានដល់ការបើកដំណើរការសកម្មភាព សង្គមនិងសេដ្ឋកិច្ច ជាបណ្តើរៗឡើងវិញ ។

លោកបានថា សហរដ្ឋអាមេរិក ជាប្រទេសមួយដែលបានចូលរួមយ៉ាងសកម្ម ជួយដល់វិស័យសុខាភិបាលនៅកម្ពុជា ពិសេសនៅកំឡុងពេល នៃការរាលត្បាតជំងឺកូវីដ១៩ នេះ អាមេរិកបានផ្តល់វ៉ាក់សំាង Johnson & Johnson ជូនកម្ពុជាប្រមាណជាង១លានដូស តាមយន្តការអង្គការ សុខភាពពិភពលោក។

សម្តេចហេង សំរិន បានថ្លែងអរគុណជ្រាលជ្រៅចំពោះសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា មានជាអាទិ៍លើ វិស័យសុខាភិបាល អប់រំ បរិស្ថាន វប្បធម៌ កសិកម្ម និងការបោសសំអាតមីនជាដើមនោះ ពិសេសវ៉ាក់សាំងប្រឆាំងកូវីដ-១៩។

ជាចុងបញ្ចប់សម្តេចបានលើកទឹកចិត្តដល់សហរដ្ឋអាម៉េរិក បន្តផ្តល់ អាហារូបករណ៍ និងឱកាសបណ្តុះបណ្តាលដល់និស្សិត និងអ្នកដឹកនំាវ័យក្មេងកម្ពុជា ដោយកម្ពុជាផ្តល់អាទិភាព ដល់សេដ្ឋកិច្ច ផ្អែកលើចំណេះដឹង៕

To Top