ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់ កម្មករធ្វើការវេចខ្ចប់សាច់ នៅសហរដ្ឋអាមេរិក ចំនួន ២៦៩នាក់ស្លាប់ ដោយសារជំងឺកូវីដ-១៩

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ថា យ៉ាងហោចណាស់កម្មករវេចខ្ចប់សាច់ ចំនួន៥៩,០០០នាក់ បានឆ្លងជំងឺកូវីដ-១៩ ហើយចំនួន២៦៩នាក់ ក្នុងចំណោមពួកគេ បានបាត់បង់ជីវិត នេះបើយោងតាមរបាយការណ៍ ចេញផ្សាយដោយ ក្រុមអ្នកតំណាងរាស្រ្តអាមេរិក កាលពីដើមសប្តាហ៍នេះ ។

អនុគណៈកម្មាធិការប្រចាំការ របស់សហរដ្ឋអាមេរិក ស្តីពីវិបត្តិមេរោគកូរ៉ូណា បានប្រើប្រាស់ឯកសារផ្ទៃក្នុង ពីក្រុមហ៊ុនវេចខ្ចប់សាច់ធំជាងគេមួយចំនួន របស់ប្រទេសនេះ សម្រាប់របាយការណ៍នេះ ដែលបានកត់សម្គាល់ពីការឆ្លង និងការស្លាប់ នៅក្នុងក្រុមហ៊ុនទាំងនោះ គឺខ្ពស់ជាងការប៉ាន់ស្មាន ពីមុនដល់ទៅ៣ដង។

“ជំនួសឱ្យការដោះស្រាយ ការចង្អុលបង្ហាញច្បាស់លាស់ថា កម្មករកំពុងឆ្លងមេរោគ កូវីដ-១៩ ក្នុងអត្រាប្រកាសអាសន្ន ដោយសារលក្ខខណ្ឌ ក្នុងកន្លែងវេចខ្ចប់សាច់ ក្រុមហ៊ុនវេចខ្ចប់សាច់ បានផ្តល់អាទិភាព ដល់ប្រាក់ចំណេញ និងការផលិតលើសុវត្ថិភាពកម្មករ ដោយបន្តប្រើការអនុវត្ត ដែលនាំទៅដល់កន្លែងមានមនុស្សច្រើន ដែលមេរោគរីករាលដាល យ៉ាងងាយស្រួល” របាយការណ៍នេះបានឲ្យដឹងដូច្នេះ ។

របាយការណ៍បានឲ្យដឹងទៀតថា ស្ថានភាពអាចនឹងកាន់តែអាក្រក់ ដោយសារតែឯកសារ របស់ក្រុមហ៊ុន ជាទូទៅមិនរាប់បញ្ចូលករណីកូវីដ-១៩ ដែលបញ្ជាក់ដោយការធ្វើតេស្ត នៅខាងក្រៅ ឬរាយការណ៍ដោយខ្លួនឯង ដោយបុគ្គលិក ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃពុធ វិទ្យាស្ថានសាច់អាមេរិកខាងជើង បានការពារការឆ្លើយតប របស់ឧស្សាហកម្ម ចំពោះជំងឺរាតត្បាត។

លោកស្រី Julie Anna Potts ប្រធាន និងជានាយកប្រតិបត្តិ នៃសមាគមពាណិជ្ជកម្មបានថ្លែងថា “កម្មករសាច់ និងបសុបក្សីនៅជួរមុខ គឺស្ថិតក្នុងចំណោមផលប៉ះពាល់ដំបូង ដោយជំងឺរាតត្បាត ប៉ុន្តែទិន្នន័យដែលមានជាសាធារណៈបញ្ជាក់ថា វិធានការដ៏ទូលំទូលាយដែលបានអនុវត្ត នៅក្នុងវិស័យនេះចាប់តាំងពីនិទាឃរដូវឆ្នាំ២០២០ រួមទាំងកិច្ចខិតខំប្រឹងប្រែងការពារការឆ្លងមេរោគ និងការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយ បានការពារដោយជោគជ័យនូវកម្លាំងពលកម្មដែលខិតខំប្រឹងប្រែង និងចម្រុះរបស់វិស័យនេះ ។

របាយការណ៍ខាងលើ គឺផ្អែកលើឯកសារពីក្រុមហ៊ុន កែច្នៃអាហារ JBS, Tyson Foods, Smithfield Foods, Cargill និង National Beef ។ ពួកគេរួមគ្នាគ្រប់គ្រងជាង៨០ភាគរយ នៃទីផ្សារសាច់គោសហរដ្ឋអាមេរិក និងជាង៦០ភាគរយ នៃទីផ្សារសាច់ជ្រូកទូទាំងប្រទេស ៕ ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top