បរទេស៖ ក្រុមរដ្ឋមន្ត្រីលីបង់ នៅថ្ងៃសៅរ៍នេះ បានជួបប្រជុំគ្នាដើម្បីពិភាក្សា ពីជម្លោះការទូតដ៏ខ្លាំងក្លា ជាមួយអារ៉ាប៊ីសាអូឌីត ដែលគេឃើញប្រទេសអារ៉ាប៊ីសាអូឌីត បណ្ដេញប្រេសិតលីបង់ចេញ និងហាមឃាត់ការនាំចូល ទំនិញលីបង់ទាំងអស់។
មន្ត្រីនាំពាក្យស្ថានទូត សហរដ្ឋអាមេរិក១រូប តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ថា លោក Richard Michaels ជាអនុប្រធាននៃបេសកកម្មអាមេរិក នៅក្នុងប្រទេសលីបង់ បានចូលរួមក្នុងកិច្ចប្រជុំ ស្តីពីវិបត្តិនោះផងដែរ ប៉ុន្តែបដិសេធ មិនផ្តល់សេចក្តីលម្អិតបន្ថែម។
គួរបញ្ជាក់ថា ជម្លោះជុំវិញការថ្លែងរិះគន់ធ្វើឡើង ដោយរដ្ឋមន្ត្រីព័ត៌មានលីបង់ លោក George Kordahi ស្តីពីកិច្ចអន្តរាគមន៍យោធាដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត នៅក្នុងប្រទេសយេម៉ែន បានរុញច្រានរដ្ឋាភិបាលលីបង់ ឲ្យធ្លាក់ចូលក្នុងវិបត្តិថ្មីមួយ ស្របពេលដែលមានសំណើ ឲ្យលោក George Kordahi លាឈប់ពីតំណែង។
ចំណែកក្រុម អតីតនាយករដ្ឋមន្ត្រីលីបង់នានា នៅថ្ងៃសៅរ៍នេះ បានស្នើឲ្យលោករដ្ឋមន្ត្រីព័ត៌មានលីបង់ លាឈប់ពីតំណែង ដោយនិយាយថា ការថ្លែងរបស់លោក បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ចំណងមិត្តភាព ជាមួយបណ្ដាប្រទេស នៅតំបន់ឈូងសមុទ្រអារ៉ាប់នានា៕ ប្រែសម្រួល៖ប៉ាង កុង