រាល់កិច្ចប្រជុំអន្តរជាតិធំៗ តែងមានរឿងរ៉ាវក្រៅឆាក ដែលខ្ញុំធ្លាប់បានសរសេរច្រើនរួចមកហើយ។ សម្រាប់កិច្ចប្រជុំឆ្នាំនេះ ប្រទេសព្រុយណេ ធ្វើជាម្ចាស់ផ្ទះមួយឆ្នាំពេញ តែមិនបានទទួលមេកដឹកនាំ មកពី១៧ប្រទេសផ្សេងទៀតដោយផ្ទាល់នៅក្នុងប្រទេសខ្លួនឡើយ ដោយសារតែជំងឺរាតត្បាត កូវីដ១៩ ដែលតម្រូវឱ្យកិច្ចប្រជុំ ប្រព្រឹត្តទៅតាមអនឡាញ។
យ៉ាងណាក៏ដោយ សម្រាប់កិច្ចប្រជុំ រយៈពេលបីថ្ងៃ (២៦-២៨ ខែតុលា ឆ្នាំ២០២១) មានរឿងរ៉ាវក្រៅឆាកខ្លះៗ ដែលខ្ញុំសូមបើកវាំងននដូចតទៅ៖
ប្រទេសភូមា បានធ្វើឱ្យអាស៊ានឈឺក្បាល៖
នៅឯកិច្ចប្រជុំកំពូល ផ្តាច់ព្រាត់ចុងឆ្នាំនេះ អវត្តមានរបស់ប្រទេសភូមា បានធ្វើឱ្យសារព័ត៌មានធំៗ ពិភពលោកផ្សព្វផ្សាយព្រោងព្រាត ដោយមានការដាក់ចំណងជើងខុសៗគ្នា។ ខ្លះសរសេរថា “ភូមាធ្វើពហិការមិនចូលរួមប្រជុំ កំពូលអាស៊ានទេ, អាស៊ានមិនបានអញ្ជើញមេដឹកនាំ យោធាភូមាចូលរួមប្រជុំឡើយ” ឯខ្លះទៀតសរសេរថា “កិច្ចប្រជុំកំពូលអាស៊ានប្រព្រឹត្តិទៅដោយគ្មានភូមា”…។ល។
ដើម្បីស្រាយចំងល់ ខ្ញុំសូមផ្តល់សាវ តានៃរឿងដូចតទៅ៖ ប្រទេសព្រុយណេក្នុងនាម ជាប្រធានអាស៊ានមិនបានអញ្ជើញលោក មីង អោងលាំង មេដឹកនាំយោធាភូមាបច្ចុប្បន្នដែលឡើងកាន់អំណាច តាមរយៈរដ្ឋប្រហារ ឱ្យចូលរួមទេ តែបានសរសេរលិខិតអញ្ជើញ ឥស្សរជនមួយរូប ដែលមិនមែនជាអ្នកនយោបាយ “non-political figure” ដើម្បីមកចូលរួម ប៉ុន្តែភូមា មិនបានបញ្ជូន ឥស្សរជនណាមួយឡើយ ទុកឱ្យប្រអប់ប្រទេសភូមា លើអេក្រង់ទូរទស្សន៍ប្រជុំ ចំហរធ្លុង នេះហើយដែលសារព័ត៌មាន នាំគ្នាដាក់ចំណងជើងថា “ភូមាពហិការ មិនចូលរួមប្រជុំ” ។ មូលហេតុដែលអាស៊ាន ៩ប្រទេស (ដកភូមា) មូលមតិគ្នា មិនអញ្ជើញលោក មីង អោងឡាំង ឱ្យចូលរួមប្រជុំនោះ ដោយសារតែមេដឹកនាំ របបយោធារូបនេះមិនបានអនុវត្ត ឬគោរពតាមកិច្ចសន្យារបស់ខ្លួន ជាមួយមេដឹកនាំអាស៊ាន៩ទៀត កាលពីខែមេសាកន្លងមកជុំវិញ ការឯកភាពគ្នាចំនួនប្រាំចំណុចស្តីពី៖ ការបញ្ឈប់ជាបន្ទាន់ នូវអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា, ការសន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមភាគីទាំងអស់, ការតែងតាំងបេសកជនពិសេសអាស៊ាន ដើម្បីជួយសម្រួលដល់កិច្ចសន្ទនា, ការផ្តល់ជំនួយមនុស្សធម៌, និងដំណើរទស្សនកិច្ច របស់បេសកជននៅមីយ៉ាន់ម៉ា។ អាស៊ានបានតែងតាំងបេសកជនពិសេស មួយរូប ហើយក៏បានធ្វើដំណើរ ទៅភូមាបានម្តង កាលពីខែមិថុនា តែគ្មានបានលទ្ធផលអ្វីឡើយ ព្រោះពុំបានជួបភាគីដទៃទៀតក្រៅពីក្រុមរបស់របបយោធា។ សរុបមក លោក មីង អោងឡាំង ដែលបានឡើង កាន់អំណាចតាមរយៈ ការធ្វើរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ អត់បានបន្ទន់ឥរិយាបទជាមួយនរណាឡើយ ជាពិសេសលើការចាប់ខ្លួន និងឃុំខ្លួនលោកស្រី Aung San Suu Kyi និងមេដឹកនាំដទៃទៀត បើទោះបីជាអន្តរជាតិ និងអាស៊ានអំពាវនាវ និងមានបំណងជួយសម្របសម្រួលយ៉ាងណាក្តី។ ដោយសារមូលហេតុនេះហើយទើបអាស៊ាន៩ទៀត មិនអញ្ជើញមេដឹកនាំរូបនេះ។ មានមិត្តអ្នកអានខ្លះបានសួរខ្ញុំថា ចុះនរណាទៅដែលគេ សំដៅទៅលើឥស្សរជន មិនមែនជាអ្នកនយោបាយ? ចម្លើយ គឺអាចជាអគ្គលេខាធិការ ឬភាសាអង់គ្លេសហៅថា “permanent secretary”។ ប្រទេសថៃធ្លាប់បញ្ជូន អគ្គលេខាធិការរបស់ខ្លួនឱ្យមកចូលរួមប្រជុំជំនួស មេដឹកនាំរបស់ខ្លួនម្តងដែរ ព្រោះកាលណោះ គេក៏មិនសប្បាយចិត្តទទួលលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ ដែលបានអំណាចតាមរយៈ រដ្ឋប្រហារយោធាដូច មីង អោងឡាំង ដែរ។ តែចំណុចគួរកត់សម្គាល់មួយ លោកប្រាយុទ្ធ ចេះបន្ទន់ឥរិយាបថ មិនរឹងត្អឹងខ្លាំងជាមួយក្រុមប្រឆាំង នឹងលោកដូច មីង អោងឡាំង ទេ។
ចំណាប់អារម្មណ៍របស់សម្តេច ហ៊ុន សែន ស្តីពីភូមា ត្រូវបានបែកធ្លាយ៖
ក្រោយពីកិច្ចប្រជុំកំពូលអាស៊ាន នៅថ្ងៃទីមួយចប់ភ្លាម (ថ្ងៃទី២៦ ខែតុលា) រូបភាពនិងសម្លេងទាំងស្រុង របស់សម្តេច ហ៊ុន សែន ដែលថ្លែងពីភូមា ត្រូវបានបែកធ្លាយដោយអ្នកសារព័ត៌មានវៀតណាមមួយរូប ដែលកំពុងបម្រើការឱ្យទូរទស្សន៍សឹង្ហបុរី Channel NewsAsia ដោយអ្នកសារព័ត៌មានរូបនោះ បង្ហោះលើធ្វីតធឺរបស់ខ្លួន ហើយបានធ្វើឱ្យកក្រើក ពេញបណ្តាញសារព័ត៌មានធំៗ របស់ពិភពលោកដកស្រង់បន្តយកទៅផ្សាយ។ ហេតុអ្វីបានជាគេចាប់អារម្មណ៍ខ្លាំងម្លេះ? ពិតណាស់ក្នុងចំណោម មេដឹកនាំទាំង៩រូបរបស់អាស៊ាន សម្តេច ហ៊ុន សែន បានប្រើពាក្យពេចន៍ត្រង់ៗ និងចំៗលើបញ្ហាភូមា ចំណែកឯមេដឹកនាំដទៃទៀត និយាយដែរតែលំៗ។ ខ្ញុំសូមដកស្រង់នូវចំណុចខ្លះៗ ដែលមិនមែនជាសម្រង់សំដីដើមទេ តែក្នុងអន្ថន័យដូច្នេះ៖ “រហូតមកទល់ពេលនេះ គ្មានការវិវត្តអ្វីឡើយ គឺខ្វះការសហការ ពីរដ្ឋបាលយោធារបស់មីយ៉ានម៉ា។ អាស៊ាន មិនបានដេញមីយ៉ានម៉ា ចេញពីក្របខ័ណ្ឌអាស៊ានទេ។ មីយ៉ានម៉ាខ្លួនឯងទេ ដែលជាអ្នកបោះបង់សិទ្ធិរបស់ខ្លួន ធ្វើពហិការមិនចូលរួមប្រជុំ ទោះបីជាយើងបានព្យាយាមឲ្យមានការចូលរួម ពីឥស្សរជនមិនមែនជាអ្នកនយោបាយក៏ដោយ។ ហើយប្រសិនបើស្ថានភាពនេះ នៅតែបន្ត ខ្ញុំគិតថា នៅឯកិច្ចប្រជុំកំពូលអាស៊ី អឺរុប ខាងមុខនេះ ទុកឲ្យមីយ៉ានម៉ាអវត្តមាន បន្តទៅទៀតចុះ ព្រោះថាបើសិនជាមេដឹកនាំកំពូលរបស់មីយ៉ានម៉ា មានវត្តមាននៅឯកិច្ចប្រជុំនោះ មុខជាមេដឹកនាំ មកពីអឺរ៉ុបអាចនឹងមិនចូលរួមប្រជុំដែរ ដូច្នេះមិនមែនកម្ពុជា ឬសមាជិក៩ទៀត របស់អាស៊ាននោះទេ ប៉ុន្តែមីយ៉ានម៉ាខ្លួនឯងទេ ដែលបានបដិសេធសិទ្ធិមិនចូលរួម។ នេះជាការគួរឲ្យសោកស្ដាយ។ ខ្ញុំពុំដឹងថា នៅពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះអាស៊ាននៅឆ្នាំក្រោយ ថាតើមីយ៉ានម៉ានឹងបន្តធ្វើបែបនេះតទៅទៀតឬយ៉ាងណា? ឥឡូវនេះយើងស្ថិតនៅក្នុងស្ថានភាពមួយ ដែលអាចនិយាយបានថា អាស៊ានដកមួយ”។
ខ្ញុំសូមមិនទាន់ បញ្ចេញសេចក្តីសន្និដ្ឋាន ឬការយល់ឃើញរបស់ខ្ញុំអំពីមូលហេតុ អ្វីបានជាគេធ្វើឲ្យបែកធ្លាយ នូវរូបភាពនិងសារសំឡេងដើម របស់សម្ដេច ហ៊ុន សែន នៅពេលនោះទេ គឺខ្ញុំទុកបន្ថែម នៅក្នុងសៀវភៅថ្មីរបស់ខ្ញុំ ដែលមានចំណងជើងថា “អាឋ៌កំបាំងក្រៅឆាក របស់មេដឹកនាំអាស៊ាន និងពិភពលោក” ដែលនឹងបោះពុម្ពចេញផ្សាយ នៅពេលឆាប់ៗខាងមុខនេះ។
ហើយទាក់ទងទៅ នឹងសំណួរសួរថា “នរណាជាបេសកជនពិសេស ទៅកាន់ភូមា នៅពេលកម្ពុជា ធ្វើម្ចាស់ផ្ទះ” ខ្ញុំក៏នឹងបង្ហាញ នៅពេលក្រោយ។ សូមបញ្ជាក់ជូនថា លោក Erywan Yusof រដ្ឋមន្ត្រីការបរទេសទីពីរ របស់ប្រទេសព្រុយណេ ត្រូវបានតែងតាំង ជាបេសកជនពិសេសរបស់អាស៊ានទៅកាន់ភូមា នៅពេលដែលព្រុយណេ ធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២១នេះ។
សម្តេច ហ៊ុន សែន រំលឹកអនុស្សាវរីយ៍ ជាមួយនាយករដ្ឋមន្ត្រីថ្មីជប៉ុន៖
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន សម្ដេច ហ៊ុន សែន បានឆ្លៀតរំលឹកឈ្មោះ នាយករដ្ឋមន្ត្រីថ្មីជប៉ុនដែលមានអនុស្សាវរីយ៍ផ្ទាល់ជាមួយ កាលពីជិត១០ឆ្នាំមុន ជាការអត្ថាធិប្បាយបន្ថែមលើសុន្ទរកថាដែលបានព្រាងទុក ជាស្ទីលមួយដែលលោកតែងប្រើដើម្បីទាក់ទាញអ្នកស្តាប់ ជាជាងអានទាំងស្រុង លើក្រដាស ដែលមហាជនមិនសូវចូលចិត្តស្តាប់។ តាមទម្លាប់កិច្ចប្រជុំបែបនេះ ប្រធានបទគួរតែពាក់ព័ន្ធ ទៅនឹងអាស៊ាននិងជប៉ុន ប៉ុន្តែជាក់ស្ដែងក៏ពុំមានបញ្ញតិ្តណាមួយ ចែងឬចងថាមិនឱ្យនិយាយអ្វីផ្សេងបាននោះដែរ។ ខ្ញុំយល់ថា ការរំលឹកអនុស្សាវរីយ៍ ជាមួយដៃគូរសន្ទនា ជាការទាក់ទាញដ៏ធំមួយនិងមានប្រសិទ្ធភាព នៅក្នុងវិស័យការទូត និងនយោបាយ។ ជប៉ុនជាមហាអំណាច សេដ្ឋកិច្ចមួយនៅអាស៊ី ហើយក៏ជាប្រទេសដែលមានទំនាក់ទំនងល្អ ជាមួយអាមេរិក។ ការដែលកម្ពុជាមានទំនាក់ទំនងល្អជាមួយជប៉ុន វាក៏ជាបច្ច័យនៃការបង្ហាញនយោបាយ ការបរទេសចម្រុះព័ណ៌ របស់កម្ពុជា ដែលអាចជួយបញ្ចៀសពីការសម្លឹងឃើញ តែពីជ្រុងអវិជ្ជមានថាកម្ពុជានៅតែជាមួយចិន។
តើសម្តេច ហ៊ុន សែន និយាយអ្វីទៅកាន់ នាយករដ្ឋមន្រ្តីថ្មីជប៉ុន?
លោកបានរំលឹកពីវត្តមាន របស់លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) ដែលពេលនោះ លោកនៅត្រឹមជារដ្ឋមន្រ្តីការបរទេសជប៉ុននៅឡើយ ហើយដែលបានមកកម្ពុជានៅឆ្នាំ២០១៤ ដើម្បីចូលរួមបើកសម្ពោធផ្សារអ៉ីអនទីមួយ (Aeon 1) នៅក្បែរកោះពេជ្រ។ សម្ដេចក៏ថ្លែងដោយសង្ឃឹមថា លោក Kishida នឹងវិលត្រឡប់មកកម្ពុជា ម្តងទៀតនៅឆ្នាំ២០២២ខាងមុខ នៅពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះអាស៊ាន ហើយពេលនោះផ្សារអ៉ីអនទី៣ ក៏គ្រោងនឹងបើកផងដែរ។ តាមព័ត៌មានក្រៅផ្លូវការ ផ្សារអ៉ីអនទី៣ នៅផ្លូវ៦០ម៉ែត្រ គ្រោងនឹងបើកនៅខែវិច្ឆិការ ឆ្នាំ២០២២។ ទោះជាជួបវិបតិ្ត ជំងឺរាតត្បាតកូវីដ១៩ក៏ដោយ ក៏ផ្សារអ៉ីអន ដែលមានម្ចាស់ជាជនជាតិជប៉ុន នៅតែស៊ូទ្រាំ បន្តសាងសង់ផ្សារដ៏ទំនើបនេះ ដោយគ្មានដកថយឡើយ។ ផ្សារអ៉ីអនទី២ បានបើកនៅឆ្នាំ២០១៨ ហើយបើសិនស្ថានភាព សេដ្ឋកិច្ចខ្មែរយើងល្អ សង្ឃឹមថាផ្សារអីុអនទី៤អាចនឹងបើកមួយទៀត នៅឆ្នាំ២០២៦ (បួនឆ្នាំបើកមួយ)។
កម្ពុជា កាន់ញញូរអាស៊ាន បានបីដង៖
នៅថ្ងៃបញ្ចប់ នៃកិច្ចប្រជុំកំពូលអាស៊ាន និងអាស៊ីបូព៌ារយៈពេល៣ថ្ងៃ (នៅល្ងាចថ្ងៃទី២៨ ខែតុលា) កម្ពុជាបានទទួលញញួរជាផ្លូវការធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំអាស៊ានឆ្នាំ២០២២ បន្តពីប្រទេសព្រុយណេ។ ទាក់ទងនឹងញញួរនេះ សម្តេច ហ៊ុន សែន បានថ្លែងថា “ខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូប ដែលបានកាន់ញញួរ ប្រធានអាស៊ានរហូត៣ដង ដែលខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណ ចំពោះបងប្អូនជនរួមជាតិដែលបានគាំទ្រ ដល់រូបខ្ញុំក្នុងការដឹកនាំកម្ពុជា ដែលធ្វើឱ្យខ្ញុំមានលទ្ធភាពចូលរួម ក្នុងកិច្ចការតំបន់និងអន្តរជាតិ តាមរយៈអាស៊ាន”។ កម្ពុជា ជាប្រទេសកូនពៅគេ ដែលចូលជាសមាជិកអាស៊ាន ក្រោយគេបង្អស់នៅឆ្នាំ១៩៩៩
ហើយក្រោយនោះបួនឆ្នាំ កម្ពុជាក៏បានទទួលធ្វើជា ម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន លើកទីមួយនៅឆ្នាំ២០០២។ នៅឆ្នាំ២០១២ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ អាស៊ានម្ដងទៀត ហើយនៅឆ្នាំ២០២២ នេះ គឺជាលើកទី៣ហើយ សម្រាប់កម្ពុជា។ ឥស្សរជនកម្ពុជាមួយរូប ក៏នឹងក្លាយជាអគ្គលេខាធិការ អាស៊ានចាប់ពីឆ្នាំ២០២៣ ខាងមុខនេះដែរ សម្រាប់មួយអណត្តិមានរយៈពេល៥ឆ្នាំ៕ អត្ថបទ :ពុយ គា