ព័ត៌មានជាតិ

កុងស៊ុលកម្ពុជា សហការជាមួយអាជ្ញាធរថៃ បញ្ជូនពលរដ្ឋខ្មែរ ៣៣នាក់ មកស្រុកកំណើតវិញ

ភ្នំពេញ ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានអន្តរាគមន៍សហការ ជាមួយអាជ្ញាធរថៃ ជួយបញ្ជូនពលរដ្ឋខ្មែរ ២៩នាក់ ត្រឡប់មកប្រទេសកំណើតវិញ ។

លោក កុយ គួង បញ្ជាក់ថា ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានអន្តរាគមន៍សហការ ជាមួយអាជ្ញាធរថៃ ជួយបញ្ជូនពលរដ្ឋខ្មែរចំនួន ២២នាក់ (ប្រុស ៨នាក់) ដែលត្រូវបានមេខ្យល់ នាំចូលទៅប្រទេសថៃ ដោយខុសច្បាប់ ហើយត្រូវអាជ្ញាធរថៃឃាត់ខ្លួន អោយបានត្រឡប់មកកម្ពុជាវិញ នៅព្រឹកថ្ងៃដដែល។

លោក កុយ គួង បន្ថែមថា ដោយឡែក នៅថ្ងៃដដែលនេះ ក៏មានពលករខ្មែរចំនួន ៧នាក់ និង កូនក្មេង ៤នាក់ (ស្រី ៦នាក់) ដែលបានធ្វើដំណើរ​ មកពីបណ្តាខេត្តនានា និងទីក្រុងបាងកក មកស្នើសុំស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តស្រះកែវ ដើម្បីឲ្យជួយបញ្ជូនពួកគាត់ ត្រឡប់មកវិញ ខណៈព្រំដែនថៃពុំទាន់បើកច្រក ហើយពួកគាត់ចង់វិលត្រឡប់ ទៅស្រុកកំណើតវិញ។

ស្ថានអគ្គកុងស៊ុលបានអន្តរាគមន៍ បញ្ជូនពលករខ្មែរខាងលើ ត្រឡប់ទៅកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត យកទៅប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការ តាមនីតិវិធីសុខាភិបាល ៕

To Top